ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម៌ការនិងសាសនា អញ្ជើញជាអធិបតី ពិធីបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ,មន្រ្តីបច្ចេកទេសជំនាញក្រសួងមុខងារសាធារណៈ និងមន្រ្តីរបស់ក្រសួងធម៌ការនិងសាសនា ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួង ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ការបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដែលបានធ្វើឡើងនាឱកាសនេះ មានការចូលរួមដោយមន្រ្តីបច្ចេកទេសជំនាញក្រសួងមុខងារសាធារណៈ ដូចនេះក្នុងនាមថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សូមឲ្យថ្នាក់នាំនិងមន្រ្តីរបស់ក្រសួង ចូលរួមសហការនិងពិនិត្យទៅលើការងារនេះ ពិសេសមុខងារចាំបាច់មួយចំនួនឲ្យបានច្បាស់លាស់។ 

ឯកឧត្តម រដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ផងដែរ ចំពោះការពិនិត្យលើមុខងារនេះ ដោយសារតែគ្រប់ក្រសួងស្ថាប័ននីមួយៗមានការប្រតិបត្តិខុសៗគ្នា ដូចនេះសូមឯកឧត្តម លោកជំទាវថ្នាក់នាំ និងមន្រ្តីរាជការរបស់ក្រសួងធម្មការនិងសាសនា គ្រប់អង្គភាពទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ពិនិត្យនិងសិក្សា បន្តតាមដានវិភាគឲ្យបានច្បាស់លាស់ និងត្រូវវិភាគតាមដានឲ្យបានចប់ត្រឹមសប្តាហ៍ទី៤នៃខែឧសភា ជាមួយមន្រ្តីបច្ចេកទេសជំនាញក្រសួងមុខងារសាធារណៈ លើមុខងារសំខាន់មួយចំនួនដូចជា ៖ មុខងារហួសសុពលភាព , មុខងារត្រួតស៊ីគ្នា, ឥឥមុខងារមួយចំនួនដែលមិនដំណើរការ ឬមុខងារមិនសមស្របទៅនិងបរិបទបច្ចុប្បន្ន និងមុខងារមួយចំនួនជាដើម ។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះក្រសួងធម្មការនិងសាសនាត្រូវអនុវត្តមុំ១នៅក្នុងចំណោមមុំទាំង៦ដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យក្រសួង-ស្ថាប័ន អនុវត្តដើម្បីឲ្យមានតម្លាភាព លើកកម្ពស់ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការបំពេញមុខងារនៅក្នុងការអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់។ នាឱកាសនេះ លោក លន គឹមហេង អគ្គនាយករដ្ឋនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញវិភាគលើមុខងារគួររក្សាទុក, មុខងារគួរមានការកែលម្អឡើងវិញ,មុខងារគួរលប់ចោល,មុខងារគួរផ្ទេរចេញដើម្បីឱ្យសមស្របទៅនិងគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ៕

Scroll to Top