ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើកទី២៨៤

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដែលប្រារព្ធឡើងនៅទីស្តីការក្រសួង រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នេះជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម ចាយ បូរិន បានរៀបចំដឹកនាំអគ្គនាយកដ្ឋានកិច្ចការសាសនា មន្រ្តីរាជការក្រសួងធម្មការនិងសាសនា ធ្វើការផ្សព្វផ្សាយនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី២៨៤ ស្មើនឹង៩៧៧ចំណងជើងព្រះធម៌ ។ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដំណើរការរយៈពេល៤ឆ្នាំយ៉ាងរលូន ដោយបាន បញ្ជ្រាបការយល់ដឹង អប់រំទូន្មានកូនខ្មែរ ប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឲ្យស្គាល់នៅបុណ្យ បាប ល្អ អាក្រក់ ហើយជៀសឲ្យផុតនៅ គ្រឿងញៀន ស្រវឹង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ហើយចុងក្រោយឱ្យប្អូនៗយកចិត្តខំប្រឹងរៀនសូត្រ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានជម្រាបផងដែរថា ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបានដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងបានរួមចំណែកនៅក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ ពិសេសតាមរយៈពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនេះ កាន់តែធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់វ័យកាន់តែប្រកាន់ភ្ជាប់សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូនៅក្នុងសង្គម ដើម្បីអភិវឌ្ឍន៏ខ្លួនក្លាយជាបញ្ញាវ័នដ៏មានគុណតម្លៃសម្រាប់ប្រទេសជាតិនិងសង្គម៕

Scroll to Top