ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៦

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៦ នារសៀលថ្ងៃទី៣០ ខែសីហានេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអំពាវនាវដល់ព្រះសង្ឃ អាចារ្យ អាចារិនីទាំងអស់ សូមនិមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍នៅខេត្តភាឥសាន្ត ដែលមានដូចជា ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រោះរាជរដ្ឋាភិបាលបានរៀបចំជារថយន្តឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ។

ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តួចផ្តើមឲ្យក្រសួងធម្មការនិងសាសនា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ចាត់តាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះបាន៤៦វគ្គហើយ ដោយសារតែមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេចរបស់អាចារ្យ អាចារិនី អ្នកកាន់កម្មវិធី។ ហើយកាលពីពេលថ្មីនេះ ក្រសួងធម្មការនិងសាសនាបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពីធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឲ្យរៀបចំជម្រុញបន្តបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យខ្មែរ ឱ្យមានការឯកភាពគ្នានៅក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ ប្រពៃណីរក្សាឲ្យបាននៅអត្តសញ្ញាណជាតិ អភិរក្សវប្បធម៌ខ្មែរ ដើម្បីបញ្ជៀសវិបត្តិអាចារ្យ។

ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៏បញ្ជាក់ថា ដូចនេះបន្ទាប់ពីបានបញ្ចប់ការសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារិនី ចាំបាច់ត្រូវយកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ ទៅតាមបែបបទជំនាញរៀងៗខ្លួន ពិសេសកាន់តែខិតជិតដល់ពិធីបុណ្យភ្ជុំបិណ្ឌផង ដូចនេះជាឱកាសល្អព្រះសង្ឃ អាចារ្យ អាចារ្យនី យកចំណេះជំនាញនេះទៅធ្វើពិធីកម្មដល់ប្រជាពុទ្ធបរិស័ទក្នុងរដូវបុណ្យទានផ្សេងៗ ។

Scroll to Top