ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ ដឹកនាំថ្នាក់ដឹកនាំជំនាញ អញ្ជើញពិនិត្យមជ្ឈមណ្ឌលវប្បធ៌មព្រះពុទ្ធសាសនាកម្ពុជា នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ ស្ថិតនៅក្នុងភូមិអូរ កសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៤ ។
លោកជំទាវមហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលបានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា មានទីតាំងសម្បូរដោយធនធានធម្មជាតិ កន្លែងនេះស្ងប់ស្ងាត់ សមស្របសម្រាប់ធ្វើវិប្សនា ឬធ្វើសម្មាធិ ស្វែងរកភាពស្ងប់សុខផ្លូវចិត្ត។ចំណែកសំណង់ក្នុងមជ្ឈមណ្ឌលក៏ជ្រើសរើសយករចនាបទខ្មែរដ៏ល្បីល្បាញមកបញ្ចូលដើម្បីជាការទាក់ទាញ។
ក្នុងនោះលោកជំទាវ បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីផងដែរថា បើតាមគម្រោងប្លង់នៃមជ្ឈមណ្ឌលក៏ជ្រើសរើសយករចនាបថខ្មែរដ៏ល្បីល្បាញមកបញ្ចូល ដើម្បីជាការទាក់ទាញមានការរៀបចំរចនា សណ្ឋានជាស្លឹកពោធិ៍ហើយនៅក្នុងបរិវេណទាំងក្រៅ និងក្នុងនឹង សាងសង់ទិដ្ឋភាពចម្រុះពាក់ព័ន្ធព្រះពុទ្ធសាសនា ។ ចំណែកនៅចំកណ្តាលសាងសង់ព្រះមហាចុល្លាមុនីចេតិយព្រះសមណគោតម ដ៏ធំបំផុតមានទទឹង ៨០ ម៉ែត្រ និង កម្ពស់រហូតដល់ទៅ ៩២,៧០ ម៉ែត្រ សម្រាប់តម្កល់ ព្រះអដ្ឋិធាតុព្រះពុទ្ធអង្គ ដែលបានសុំមកពីប្រទេសឥណ្ឌា ។ ព្រះមហាចេតិយនេះ មានកម្ពស់ ១១ ជាន់ដែល ក្នុងនោះ មានសាល សន្និសីទសាលប្រជុំ សាលពិព័រណ៍ បណ្ណាល័យ រដ្ឋបាល និងកន្លែងជាច្រើនទៀត ខណៈ មហាប្រាសាទ ១២ នឹងសាងសង់បែងចែកជាពីរជួរព័ទ្ធជុំវិញ ។ ដោយនៅជួរទី ១ ប្រើសម្រាប់តម្កល់គម្ពីរ ក្បួនច្បាប់សាសនា និងផ្ទាំងថ្មចារគម្ពីរ ព្រះត្រៃបិដក ទាំង ១១០ ភាគ ។ មហាប្រាសាទ ជាន់ទី ២ ប្រើសម្រាប់តម្កល់ ព្រះពុទ្ធរូបចំនួន ៤០០០០ ព្រះ អង្គ សង់ឡើងពីថ្មភ្នំ ។ បន្ទាប់មកនឹង មានគូទឹកព័ទ្ធជុំវិញសម្រាប់ធ្វើពិធីសាសនាធំៗ ហើយបានកសាង ផ្ទាំងសិលាចារគម្ពីរព្រះត្រៃបិដកចំនួន ១០០០ ផ្ទាំងហើយ ក្រៅពីនោះ មជ្ឈមណ្ឌ លវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា មានសាងសង់ កន្លែងទាក់ទិននឹងប្រវត្តិរបស់ព្រះពុទ្ធ អង្គកប់នៅក្នុងព្រៃដើម្បីឲ្យមហាជនបានស្វែងយល់បន្ថែម មានសាងសង់ព្រះពុទ្ធអង្គដ៏ធំចំនួន ៤ ទិសមានសាងសង់ វត្តអារាម កន្លែងសំណាក់ធម៌របស់លោកតា លោកយាយ កន្លែងដាំផ្កាសម្រាប់ជាដង្វាយព្រះ និងក្បួនប្រាសាទជាច្រើនទៀត ។
ក្នុងន័យនេះ ឯកឧត្តម ចាយ បូរិន ក្នុងនាមជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានពិនិត្យគំរូប្លង់ និងអញ្ជើញពិនិត្យផ្ទាល់តាមទីតាំងនីមួយៗ ជាមួយមន្ត្រីជំនាញ ព្រមទាំងបានណែនាំដល់មន្ត្រីជំនាញសូមជួយពិនិត្យសហការជាមួយលោកជំទាវមហាឧបាសិការ លើការងារជំនាញ និងសិក្សាឲ្យច្បាស់ពីរចនាបទរបស់ខ្មែរយើង ឲ្យបានត្រឹមត្រូវទៅតាមរចនាបថខ្មែរយើងដែលមានតាំងពីបុរាណមក ។
ឯកឧត្តម រដ្ឋមន្រ្តី សូមកោតសរសើរផងដែរ ដល់លោកជំទាវមហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ដែលបានផ្តួចផ្តើមសាងសង់ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ព្រមទាំងបានជ្រើសរើសទីតាំងសមស្របសម្រាប់ធ្វើវិប្សនា ឬធ្វើសម្មាធិ ។ ហើយថ្ងៃខាងមុខ ឯកឧត្តម រដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នេះនិងប្រែក្លាយជាមជ្ឈមណ្ឌលវប្បធម៌សាសនាមួយដ៏សម្បូរបែប ពិសេសនឹងក្លាយជាឧត្តមប្រយោជន៏របស់ជាតិនិងប្រជាពុទ្ធបរិស័ទ ក្នុងវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ៕