ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីសំណេះសំណាល និងពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន ជាមួយសាសនិកឥស្លាមកម្ពុជា នៅវិហារធំគីឡូម៉ែត្រ៩ រាជធានីភ្នំពេញ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន ជាមួយសាសនិកឥស្លាមកម្ពុជា ដោយមានការអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តមបណ្ឌិត អូស្មាន់ ហាសាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងលោកជំទាវ ពិធីនេះបានប្រារព្ធឡើង នៅវិហារធំគីឡូម៉ែត្រ៩ រាជធានីភ្នំពេញ នារសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៤ ។

អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានមានប្រសាសន៏ ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីអំពីអត្ថន័យនៃពិធីបុណ្យរ៉ាម៉ាឌន ដោយសាសនិកឥស្លាម ទាំងអស់មានកាតព្វកិច្ចបួស ដោយប្រតិបត្តិធម៌ កសាងអំពើកុសលផលបុណ្យ ការបរិច្ចាគទាន និងការទំនាក់ ទំនងល្អជាមួយអ្នកជិតខាងខ្លួន ដោយរស់នៅប្រកបដោយសីលធម៌ដ៏ថ្លៃថ្នូរ ក្លាយជាពលរដ្ឋដ៏ល្អក្នុងសង្គម រក្សាបានភាពសុខុដុមរមនាទាំងក្នុងសហគមន៍ និងសង្គមជាតិ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងជា រៀងរាល់ឆ្នាំ ហើយ ដែល ត្រូវបាន សាសនិក ឥស្លាម ទូទាំង ពិភពលោក អនុវត្តន៍ ។ ខែរ៉ាម៉ាឌន ឬ ខ្មែរយើងនិយមហៅ « បួស » មាន អត្ថន័យ ជ្រៅជ្រះនៅក្នុងសហគមន៍ឥស្លាម ព្រោះ គេជឿលើរាល់ផលបុណ្យក្នុងខែនេះ គឺ ទទួលបានទ្វេដងជាង ផលបុណ្យក្នុងដែលសាសនិកឥស្លាមធ្វើនៅក្នុងខែផ្សេងៗ ។

ក្នុងពិធីនាឱកាសនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ អំពីគោលនយោបាយសុខដុមនីយកម្មគ្រប់សាសនានៅប្រទេសកម្ពុជា។ ក្នុងចំណោមគោលនយោបាយសុខដុមនីយកម្មនានាជាច្រើន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិសេរីភាព គ្រប់បែបយ៉ាង ជាមួយការផ្តល់ភាពកក់ក្តៅ និងចូលរួមដោះស្រាយរាល់ទុក្ខលំបាកដល់ សាសនិកនានាទៀត ក្នុងក្របខ័ណ្ឌនៃប្រជាជាតិតែមួយដែលរួមរស់រួមសុខក្នុងម្លប់សន្តិភាពតែមួយ។

ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរដល់គណៈគ្រប់គ្រងសាសនាឥស្លាម នៅកម្ពុជា ដែលបានគ្រប់គ្រងសាសនិកឥស្លាមបានយ៉ាងល្អ ពិសេសតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៏ជាច្រើនលើកគ្រប់វិស័យនៃព្រះរាជាណាចក្រកម្ពុជា ៕

Scroll to Top