ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឆ្នាំសិក្សា២០២៤-២០២៥

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឆ្នាំសិក្សា ២០២៤-២០២៥ ដោយបានការនិមន្តចូលរួមពីសំណាក់ សម្តេចព្រះពុទ្ធរ័ត្នរាជវង្សា កែវ ឌីម៉ង់ សាកលវិទ្យាធិការរង តំណាងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណនិងបេក្ខជនជាច្រើនអង្គ/នាក់ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសីហមុនីរាជា នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានអានរបាយការណ៍ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី ស្តីពីវឌ្ឍនភាពនៃការអប់រំរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលនៅឆ្នាំ២០២៤-២០២៥នេះ មានសមណនិស្សិត និស្សិត ដាក់ពាក្យចូលប្រលងសរុបចំនួន១៣៥០អង្គ/នាក់ បែងចែកជា ៧ ឯកទេសរួមមាន៖ ឯកទេស អក្សរសាស្រ្តខ្មែរ, ឯកទេស ទស្សនវិជ្ជានិងសាសនា, ឯកទេស នីតិសាស្រ្ត, ឯកទេស វិទ្យាសាស្រ្តអប់រំ, ឯកទេស គ្រប់គ្រងទូទៅ, ឯកទេស វិទ្យាសាស្រ្តកុំព្យូទ័រ, និងឯកទេស បង្រៀនភាសាអង់គ្លេស ជាដើម។

ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៏ថា តាមរយៈវិស័យព្រះពុទ្ធសាសនាដែលបានដើរតួនាទីសំខាន់លើកគ្រប់វិស័យ ក្នុងនោះក៏បានចូលរួមបណ្តុះបណ្តាលនូវអនាគតបញ្ញាវ័នដែលអាចជួយអភិវឌ្ឍន៏ប្រទេសជាមួយរាជរដ្ឋាភិបាលនាថ្ងៃអនាគតជាច្រើនទៀតផង ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ផងដែលថា ដើម្បីក្លាយជាបញ្ញាវ័ន គឺត្រូវមានគ្រឹះនៃចំនេះដឹងមួយដែលច្បាស់លាស់ ដូចនេះសូមសមណនិស្សិត និងក្មួយនិស្សិតទាំងអស់ គោរពនូវវិន័យ សុក្រឹត យុត្តិធម៌ និងតម្លាភាព ពិសេសក្នុងអំឡុងពេលប្រលងនេះផ្ទាល់ ធ្វើយ៉ាងណាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ស្របទៅនិងពាក្យស្លាកថា អ្នកចេះគឺជាប់។

សូមជម្រាបជូនថា ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីមុនីរាជា ឆ្នាំសិក្សា២០២៤ មានសមណនិស្សិត និងនិស្សិត ដាក់ពាក្យប្រលងសរុបចំនួន១៣៥០អង្គ/នាក់ ៕

Scroll to Top