ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួម ក្នុង ពិធីបុណ្យ មាឃបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្តាល

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យមាឃបូជា នាព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ពិធីនេះ ក៏មានការយាង និមន្ត និងអញ្ជើញចូល រួមពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈ និងមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ព្រមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហមកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងពុទ្ធបរិស័ទ ជាច្រើនរូប។

នៅក្នុងឱកាសនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា មាន ទាន ធូប ផ្កាផ្ញី នៅឧបដ្ឋានសាលាតាមប្រពៃណីព្រះពុទ្ធសាសនា។

ជាកិច្ចចាប់ផ្តើមកម្មវិធី អង្គពិធីទាំងមូល បានអញ្ជើញគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទនគររាជ ដោយនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅក្នុងឱកាសនេះដែរ អង្គពិធីទាំងមូល ក៏បានអញ្ជើញគោរពទង់ព្រះពុទ្ធសាសនា សូត្របទសរភញ្ញ ដោយនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ក្នុងកម្មវិធីបន្ត លោកអាចារ្យដឹកនាំកម្មវិធី បានរៀបចំពិធីទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រកាសពិធីបួងសួង និងធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសីល និងបានប្រកាសមាឃបូជា។

គួររំលឹកថា មាឃបូជា គឺពិធីបុណ្យដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ១៥កើត ខែមាឃ។ ពិធីបុណ្យមាឃបូជា គឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងព្រះពុទ្ធសាសនា ឬ កាលដ៏អស្ចារ្យមួយ ដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធ បរមគ្រូ កាលពីទ្រង់ នៅមានព្រះជន្មាយុនៅឡើយ។ ថ្ងៃមាឃបូជា គឺ រំឭក ទៅដល់ថ្ងៃ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ដាក់អាយុសង្ខារ៖ «ជា ព្រឹត្តិការណ៍ ដែលព្រះអង្គ ដាក់ព្រះជន្មាយុសង្ខារ បាន ន័យថា កំណត់ពេលបរិនិព្វាន នៅពេលដែលមារ បានទៅ អារាធនា ព្រះអង្គក៏បានទទួលយល់ព្រមជាមួយនឹងមារ អ៊ីចឹង នៅ ៣ ខែទៀត តថាគត នឹងបរិនិព្វាន»។ ជាមួយគ្នានេះថ្ងៃមាឃបូជា ក៏ជាថ្ងៃរំលឹក ទៅដល់ពេលដែលព្រះពុទ្ធអង្គ សម្ដែងនូវឱវាទបាតិមោក្ខ ប្រទានដល់ព្រះ ភិក្ខុសង្ឃ ជា អរហន្ត ទាំង ១.២៥០ អង្គ ដែលបានមកចូលរួម ចតុរង្គសន្និបាត៖ «កាលនោះ ព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ ព្រោះតែ កាលណា គ្រាន់តែព្រះអង្គ នឹកឃើញថា ចង់សម្ដែងបាតិមោក្ខ គឺចង់ជួបនឹងពួកភិក្ខុពេលនោះ ព្រះអរហន្តទាំង ១២៥០អង្គ សុទ្ធ តែ ជាព្រះអរហន្ត លោកនិមន្ត មកដោយពុំមានអ្នកនិមន្តទេ បានន័យថា បានមកដល់ភ្លាម»។

ការប្រជុំចតុរង្គសន្និបាត ជាកាលដ៏អស្ចារ្យ ពីព្រោះការប្រជុំ នោះ គឺប្រកបដោយ អង្គ៤ ដែលរួមមាន អង្គទី១ គឺពេលនោះ ជាថ្ងៃឧបោសថសីល មានព្រះចន្ទពេញវង់ ថ្ងៃ១៥កើត ជាថ្ងៃ ពេញបូណ៌មី ខែមាឃ។ អង្គទី២ ព្រះ ភិក្ខុសង្ឃ សាវ័ក ដែល បានមកចូលរួម ចតុរង្គសន្និបាត ទាំង ១.២៥០ អង្គនោះ គឺបាន និមន្តមកពីទិសទាំង ៤ ដោយមិនបានកំណត់ពេលគ្នា ឬក៏ផ្ដល់ ដំណឹងណាត់ទុកជាមួយគ្នា អ្វីមុនទាល់តែសោះ ក៏ស្រាប់តែ ដល់ថ្ងៃនោះ បាននិមន្តមក ព្រមៗគ្នាតែម្ដង។ អង្គទី៣ ព្រះ ភិក្ខុ សង្ឃ ទាំងអម្បាលម៉ាននោះ សុទ្ធសឹងតែជា ព្រះអរហន្ត ឬជា បុគ្គល ដែលបានសម្រេច អរហត្ត ប្រាស ចាក រាគៈ (លោភៈ) ទោសៈ មោហៈ ជាអ្នកសម្រេចនូវអភិញ្ញា៦ ឬ មានចំណេះដឹង យ៉ាងខ្ពស់ក្នុងលោកុត្តរធម៌ នៃព្រះពុទ្ធសាសនា។ ចំណែក អង្គ ទី ៤ គឺព្រះ ភិក្ខុសង្ឃ ១.២៥០ អង្គនោះ សុទ្ធតែជា ឯហិភិក្ខុ ដូច គ្នាទាំងអស់។ ដែលហៅថា ឯហិភិក្ខុ គឺជាភិក្ខុ ដែលបំបួស ឡើង ដោយព្រះសម្មាសម្ពុទ្ធផ្ទាល់ ហើយពេលបំបួសនោះ គឺ មានស្បង់ ចីវរ បានប្រាកដឡើង ដោយឯកឯង ហើយ ការ កាត់ កោរ សក់ កោរ ពុក មាត់ ពុក ចង្កា ក៏កើតឡើង ដោយ ឯកឯងដែរ ដោយអំណាចនៃបុណ្យបារមី របស់ព្រះ ភិក្ខុសង្ឃ ទាំងនោះ ដែលបានធ្វើ សន្សំទុកមកជាច្រើនជាតិ។ ក្នុងថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជានេះ ពុទ្ធសាសនិក នៅកម្ពុជា ភាគ ច្រើន បានធ្វើចង្ហាន់ ដើម្បីប្រគេនព្រះសង្ឃ នៅតាម វត្តអារាម នានា។ ស្របគ្នា នេះ ពុទ្ធបរិស័ទ នៅតាមវត្តអារាមមួយចំនួន ក៏ បានដង្ហែក្បួន ដាក់បង្ហាញគំនូរ ដែលនិយាយពីពុទ្ធប្រវត្តិផង ដែរ។

ក្នុងកម្មវិធីបន្ទាប់ លោកអាចារ្យដឹកនាំកម្មវិធី បានវេភត្តប្រគេនព្រះសង្ឃ ហើយព្រះសង្ឃភត្តានុមោទនា ។
ក្នុងកម្មវិធីបន្ទាប់មកទៀត លោកអាចារ្យដឹកនាំកម្មវិធី និងសម្តេចរដ្ឋសភាធិបតី ជាគណៈអធិបតី រួមនិងឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី ជាពុទ្ធបរិស័ទ បានឧទ្ទិសកុសល ផលបុណ្យដែលបានកើតឡើងដោយទឹកចិត្តសទ្ធាជ្រះថ្លា នៅក្នុងថ្ងៃនេះ ឧទ្ទិសជូនទៅដល់មាតាបិតា ជីដូន ជីតា និងញ្ញាតិការទាំង៧សណ្តាន សូមបានសោយសុខក្នុងឋានសុខគតិភព កុំឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ និងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញរាប់បាតប្រគេនព្រះសង្ឃចំនួន៨០អង្គ។

គួរបញ្ជាក់ថា ដើម្បីធ្វើឲ្យពិធីបុណ្យមាឃបូជា ឆ្នាំនេះ មាន ភាពមហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ ដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ រួមនិងក្រសួងធម្មការ និងសាសនា ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន បានយកចិត្តទុក ដាក់ខ្ពស់ ដោយបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដើម្បីឲ្យដំណើរការនៃកម្មវិធីប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អបំផុត។ ជាមួយគ្នានេះ ក្រសួងធម្មការ និងសាសនា បានចេញនៅសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យមាឃបូជា ដោយក្នុងនោះ បានណែនាំឲ្យមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី ខេត្ត ត្រូវបំផុស និងសហការជាមួយព្រះមេគណ ព្រះអនុគណ ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រះគ្រូចៅ អធិការគ្រប់វត្ត ឲ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យមាឃបូជាឲ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ ។ មន្ទីរធម្មការ និងសាសនាគ្រប់រាជធានី ខេត្ត ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសុខសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងអំពាវនាវសប្បុរសជន ពុទ្ធបរិស័ទ ឲ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងលើកកម្ពស់សីលធម៌សង្គម៕

Scroll to Top