ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញ្ញាតឲ្យ លោក នីរាជ កុមារ ( NIRAJ KUMAR ) ប្រធាន វិទ្យាស្ថាន ព្រះពុទ្ធសាសនា វប្បធម៌ទីបេ នៃក្រសួងវប្បធម៌ឥណ្ឌា នឹងគណៈប្រតិភូឥណ្ឌា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ លោក នីរាជ កុមារ ( NIRAJ KUMAR ) ប្រធាន វិទ្យាស្ថាន ព្រះពុទ្ធសាសនា វប្បធម៌ទីបេ នៃក្រសួងវប្បធម៌ឥណ្ឌា បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ពីគោលបំណងសំខាន់ស្តីពី ការសិក្សា និង ពិភាក្សាជុំវិញ ពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអារហន្តធាតុ ដែលដង្ហែរពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃ មកប្រទេសកម្ពុជាក្នុងពេលខាងមុខ។
លោកនីរាជ កុមារប្រធានវិទ្យាស្ថាន ព្រះពុទ្ធសាសនា វប្បធម៌ទីបេ នៃក្រសួងវប្បធម៌ឥណ្ឌា បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថា បន្ទាប់ពីមកដល់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ លោកបានចូលរួមក្នុងកិច្ចប្រជុំជាមួយថ្នាក់នាំជំនាញរបស់ក្រសួងធម្មការនិងសាសនានិងស្ថាប័នពាក់ព័ន្ធដោយទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរដោយក្នុងនោះរួមមាន៖
១.ពិធីការរៀបចំទទួលព្រះបរមសារីរិកធាតុតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។
២.កាលបរិច្ឆេទនៃការប្រគល់-ទទួលព្រះបរមសារីរិកធាតុ និងការអញ្ជើញជាអធិបតីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។
៣.កំណត់ទីតាំងសំចតនិងទីកន្លែងតម្កល់ព្រះបរមសារីរិកធាតុសម្រាប់ជូនពុទ្ធបរិស័ទគោរពនិងធ្វើពិធីសក្ការៈបូជា។
៤.វិធានការរក្សាសន្តិសុខដែលត្រូវអនុវត្តសម្រាប់ការដង្ហែរតម្កល់ និងលក្ខណៈពិសេសសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការការពារ និងថែរក្សាវត្ថុសក្ត័សិទ្ធិសាសនានៃព្រះបរមសារីរិកធាតុ។
៥.ការធានារ៉ាប់រងនៃព្រះបរមសារីរិកធាតុក្នុងអំឡុងពេលដំណើរការទាំងមូលនៃការប្រគល់ និងការតម្កល់សម្រាប់ធ្វើសក្ការៈបូជានៅប្រទេសមម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមស្វាគមន៏យ៉ាងកក់ក្តៅចំពោះពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអារហន្តធាតុ ដែលដង្ហែរពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃមកកាន់កម្ពុជា។ ដោយឡែកតាមរយៈនេះ ឯកឧត្តម ចាយ បូរិន បានស្នើរដល់គណៈប្រតិភូឥណ្ឌា ចេញនៅលិខិតច្បាស់លាស់មួយ សម្រាប់ឯកឧត្តមពិនិត្យមុននិងជម្រាបសុំគោលការណ៏អនុវត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពីពេលវេលាច្បាស់លាស់ណាមួយ ដើម្បីឲ្យពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអារហន្តធាតុ ដែលដង្ហែរពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសថៃមកប្រទេសកម្ពុជាក្នុងពេលខាងមុខ បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ៕