ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តី្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តី្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ ឯកឧត្តម ដាប់ប៊លយូ ប៉ាត់ទ្រីក មួរហ្វី (W.PATRIC MURPHY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារអំពីទំនាក់ទំនងទ្វេភាគីលើវិស័យសាសនា រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនេះ ឯកឧត្តម ដាប់ប៊លយូ ប៉ាត់ទ្រីក មួរហ្វី (W.PATRIC MURPHY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា សូមកោតសរសើរចំពោះប្រទេសកម្ពុជាដែលបានផ្តល់សិទ្ធសេរីភាព ដល់ប្រជាជនទូទៅព្រមទាំងជនបរទេសដែលរស់នៅកម្ពុជាមានសិទ្ធជ្រើសរើសសាសនាតាមជំនឿរៀងៗខ្លួន ក្នុងនោះដែរប្រទេសកម្ពុជាបានដាក់បញ្ចូលព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងពីគោលបំណងសំខាន់ៗដើម្បីពិភាក្សាជាមួយឯកឧត្តម រដ្ឋមន្រ្តី ក្នុងនោះផ្តោតសំខាន់ ៖ លើកិច្ចសហប្រតិបត្តិការមួយចំនួនទាក់ទងទៅនិងសិទ្ធសេរីភាព នៅក្នុងការបង្កើតស្នាក់ការព្រះវិហារគ្រឹស្គសាសនានៅកម្ពុជា។ 

ជាកិច្ចឆ្លើយតប ឯកឧត្តមចាយ បូរិនបានលើកឡើងថា បើក្រឡេកទៅមើលឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនាមានព្រះសង្ឃត្រឹមតែ០៧អង្គនិងវិហារចំនួនត្រឹមតែ០៨ប៉ុណ្ណោះ ក្នុងនោះគ្រឹស្គសាសនានិងឥស្លាមសាសនាមិនទាន់មាននៅក្នុងកម្ពុជានោះទេ។ ដោយឡែកក្រោមការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងធម្មការនិងសាសនា ជាសេនាធិការ មកដល់ពេលបច្ចុប្បន្ននេះកម្ពុជាមានវត្តរហូតទៅដល់ជាង៥០០វត្ត ព្រះសង្ឃមានចំនួនជាង៦ម៉ឺនអង្គ និងមានព្រះវិហារទាំងឥស្លាម និងគ្រឹស្គសាសនានៅទូទាំងប្រទេសផងដែរ។

 ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានបញ្ជាក់ជូនឯកឧត្តម ឯកអគ្គរដ្ឋទូតថា  ចំពោះបុគ្គលដែលបានប្រព្រឹត្តខុសនិងវិន័យសាសនាដូចជាអាចារ្យ គ្រូគង់វាល ឬអ្នកបួសដែលបានប្រព្រឹត្តខុសដោយប្រការណាមួយ គឺត្រូវទទួលទោសចំពោះមុខច្បាប់តាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា

ទៅតាមទម្ងន់ទោសជាក់ស្តែងរបស់បុគ្គលដែលបានប្រព្រឹត្ត ។

ឯកឧត្តម រដ្ឋមន្រ្តី បានស្វាគមន៏រាល់កិច្ចសហប្រតិបត្តិការលើវិស័យសាសនារបស់កម្ពុជានិងសហរដ្ឋអាមេរិក ដោយពិនិត្យមើលសំណើរជាក់ស្តែង និងការពិនិត្យរបស់មន្រ្តីជំនាញរបស់ក្រសួងធម្មការនិងសាសនាជាមុនសិន មុននិងសម្រេចក្នុងការអនុវត្ត៕

Scroll to Top