ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួធម្មការនិងសាសនា បានបន្តយកនាំអំណោយដែលជាសទ្ធាជ្រះថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃចំនួន២២វត្ត នៅមូលដ្ឋានខេត្តតាកែវ និងខេត្តកំពត

បន្ទាប់ពីបានអញ្ជើញនាំយកអំណោយជាបន្តបន្ទាប់ ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃនៅមូលដ្ឋានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ ចំនួន២៧វត្ត និងបានចាត់តំណាងប្រគេនដល់ព្រះសង្ឃចំនួន១៨វត្ត និងអាស្រមចំនួន២ នៅក្នុងមូលដ្ឋានខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ រួចមក នៅថ្ងៃសុក្រខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងថ្នាក់ដឹកនាំក្រសួងបាននាំនូវទេយ្យទានបន្តប្រគេនដល់ព្រះសង្ឃនៅខេត្តតាកែវ និងខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ យូរ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត កំពត ព្រមទាំង ព្រះមេគណខេត្តទាំងពីរគណៈ មន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រះត្ថេរានុត្ថេរៈគ្រប់ព្រះអង្គដែលបាននិមន្តមក អញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ នៅតាមទីអារាមមួយចំនួន ក្នុងមូលដ្ឋានខេត្តតាកែវ និងខេត្តកំពត ក្រោយពេលទឹកស្រក តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនដល់ប្រជាពុទ្ធបរិស័ទទាំងអស់ដោយក្តីនឹករលឹក។

ឯកឧត្តម ចាយ បូរិន បានលើកឡើងថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ គឺរស់នៅស្អាត វត្តអារាមស្អាត បរិស្ថានល្អ និងប្រតិបត្តិវិន័យធម៌ឱ្យបានជាប់ជាប្រចាំ។

ព្រះចៅអធិការវត្ត ព្រះថេរានុត្ថេរ:គ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទាំងអស់មានក្តីរំភើបរីករាយ អរគុណនិងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំដ៏បុិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ការលំបាក ការខ្វះខាត ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ។

នៅក្នុងឱកាសប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរ ឯកឧត្តម ចាយ បូរិន បានប្រគេននូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ រួមមានអង្ករចំនួន ១៣តោន និងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់វត្តចំនួន២២វត្ត ក្នុងមូលដ្ឋានខេត្តតាកែវ និងខេត្តកំពត ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនាកាន់តែរីកចម្រើនទ្វេឡើងថែមទៀត។

បន្ទាប់ពីសំណេះសំណាលសួរសុខទុក្ខព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទរួចមក ឯកឧត្តម ចាយ បូរិន និងថ្នាក់ដឹកនាំក្រសួង រួមជាមួយ ឯកឧត្តម អ៊ូច ភា អញ្ជើញពិនិត្យមើលស្ថានភាពទូទៅក្នុងទីអារាមវត្តតុំ និងពិនិត្យមើលសំណង់ព្រះពុទ្ធរូប ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សាងសង់ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង និងលោកជំទាវ ព្រមទាំងបុត្រ ដែលមានកម្ពស់១៥ម៉ែត្រ ចាប់ផ្តើមសាងសង់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ មកទាល់ពេនេះសម្រេចបាន៩០%ហើយ។


ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានចាត់តំណាងនាំយកអង្ករចំនួន ២២តោន និងថវិកា ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃ ចំនួន៤០វត្ត នៅខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី កណ្តាល និងខេត្តកំពង់ស្ពឺ ផងដែរ ។

Scroll to Top