ឯកឧត្តម ចាយ បូរិន ព្រះពុទ្ធសាសនានៅកម្ពុជាពិតជាមាន សក្តានុពលសម្រាប់ការចូលរួម កសាងសង្គមតាម រយៈការផ្ដល់ការអប់រំសីលធម៌ គុណធម៌ និងការលើកកម្ពស់បញ្ញាស្មារតី

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា ព្រះពុទ្ធសាសនា នៅកម្ពុជា ពិតជាមានសក្តានុពលសម្រាប់ការចូលរួមកសាងសង្គមតាមរយៈការផ្ដល់ការអប់រំសីលធម៌ គុណធម៌ និងការលើកកម្ពស់ បញ្ញា ស្មារតី ប៉ុន្តែ សក្តានុពលនេះ មានការជាប់ទាក់ទងយ៉ាងខ្លាំងទៅនឹង ការដឹកនាំ និងតួនាទីភារកិច្ច គ្រប់គ្រងផ្ទាល់ របស់សម្តេចសង្ឃ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម។

មានប្រសាសន៍បែបនេះក្នុង ឱកាសដែល ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ក្នុងពីធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធសង្ឃាភិបាលពុទ្ធសាសនា” ដែលមានការនិមន្ត និងអញ្ជើញចូលរួមដោយ សម្តេចគណៈសង្ឃនាយកទាំងពីរគណៈ ព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា រាជធានី ខេត្ត នាព្រឹកថ្ងៃទី ៩ តែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ 

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ប្រព័ន្ធសង្ឃាភិបាលពុទ្ធសាសនា មានន័យថាជាការគ្រប់គ្រង ពោលបើសិនជាមានការរុះរើរសំណង់វិហារ ឬសំណង់ផ្សេងៗនៅក្នុងបរិវេណវត្ត និងពិសេសការកសាងបដិមា សូមផ្តល់ដំណឹង និងសុំការអនុញាត្តមកក្រសួង ដើម្បីក្រសួងចាត់មន្រ្តីជំនាញសិក្សាជាមុនសិន។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅប្រកបដោយអនាម័យ ហូបស្អាត រស់នៅស្អាត ទន្ទឹមនោះឯកឧត្តមបានលើកឡើងអំពីអភិក្រមរបស់ក្រសួងធម្មការនិងសាសនា ប ៥គឺ 

១.បព្វជ្ជា  ការបួស

២. បរិយត្តិ ការសិក្សា

៣.បដិបត្តិ ការប្រតិបត្តិ

៤.បដិវេធៈ លទ្ធផល

៥.បព្វាជនីយកម្ម ការដាក់ទោស ឬបញ្ចប់ភារកិច្ច។

ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តីសូមប្រគេនអភិក្រមរបស់ក្រសួងធម្មការនិងសាសនាវត្ត ស ៣ គឺវត្តស្អាត វត្តស្វាង និងវត្តស្ងប់ និង វិធានការ ដ ៤ គឺ៖   ១.ដាស់តឿន ២.ដកតួរនាទី ៣.ដាក់ទណ្ឌកម្ម ៤.ដេញចោល ឬផ្សឹកចោល។

ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររៀបចំ សិក្ខាសាលាស្តីអំពីប្រព័ន្ធសង្ឃាភិបាល ក្នុងគោលបំណង ពង្រឹងការប្រតិបត្តិធម៌វិន័យ ពង្រឹងរបៀបរបបការងារ ការដឹកនាំ ការគ្រប់គ្រង និងពង្រឹងទៅលើការអនុវត្តតួនាទីភារកិច្ចដល់ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព។ ក្រៅពីនេះ ក៏ជាឱកាសបានពិនិត្យមើលលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរួមរបស់មហាសន្និបាតមន្ត្រីសង្ឃ និងលិខិតបទដ្ឋានគតិយុត្តនានាដែលបានដាក់ឱ្យអនុវត្ត នាពេលកន្លងមក និងបានពិភាក្សាប្តូរយោបល់លើការងារពុទ្ធសាសនានាពេលបច្ចុប្បន្នផងដែរ។

ឯកឧត្តម សុិន សុវណ្ណនិ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីថា គោលបំណងសិក្ខាសាលាស្តីពី “ប្រព័ន្ធសង្ឃាភិបាលពុទ្ធសាសនា”  គឺដើម្បីពង្រឹងព្រះសមត្ថភាព និងជំរុញការអនុវត្ដប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពលើការអនុវត្តលិខិត បទដ្ឋាននិងគោលការណ៍ណែនាំនានា និងសង្ឃប្រកាស ដែលដាក់ឱ្យប្រើប្រាស់ដោយក្រសួងធម្មការនិងសាសនានិងគណៈសង្ឃនាយកទាំងពីរគណៈ ពាក់ព័ន្ធនឹងការគ្រប់គ្រងវត្ដអារាម និងការដឹកនាំ ការគ្រប់គ្រងកិច្ចការពុទ្ធសាសនារបស់ គណៈសង្ឃ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ សិក្ខាសាលានេះ និងផ្តល់ឱកាសឱ្យព្រះសិក្ខាកាម និងសិក្ខាកាមបានទទួលនូវ បទពិសោធន៍ល្អ ដើម្បីយកទៅអនុវត្ដជាក់ស្តែង សម្រាប់ការដឹកនាំនិងគ្រប់គ្រងវត្ដអារាម និងកិច្ចការពុទ្ធសាសនាទាំងមូល ៕

Scroll to Top