ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ដឹកនាំមន្រ្តីរាជការ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា

នាឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ ចូលរួមក្នុងពិធីរាប់បាត្រកាន់បិណ្ឌវេនទី៣ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។

ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។

ជារៀងរាល់ឆ្នាំនៅ ពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា ។

សូមរម្លឹកថា ចាប់តាំងពីសម័យបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះ ពពួកប្រេត អាចមានឱកាសច្រើនក្នុងការស្វែង រកចំណីអាហារជាងរដូវផ្សេងៗ ទាំងអស់។

ពិធិបុណ្យកាន់បិណ្ឌវេនទី៣ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងធម្មការនិងសាសនា បានប្រគេនយាគូ រាប់បាត និងវេរភត្តាហារ និមន្តព្រះសង្ឃ ដារបង្សុកូលពហូឆ្លង ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុី ដែលត្រូវជាឪពុកបង្កើត ឯកឧត្តម រដ្ឋមន្រ្តី និងញាតិកាទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខសូមជួបតែសេចក្តីស្ងប់ក្នុងសុខគតិភពជារៀងរហូត៕

Scroll to Top