ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលធម្មបដិសណ្ឋារកិច្ច សម្តេច អ៊ុល មុីយុន (IL MYUN Spectable Buddhist monk) ប្រធានអង្គការសកម្មភាពចែករំលែកជីវិតនិងជានាយកមហាវិទ្យាល័យដុង គុក នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងគណ:ប្រតិភូ ជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ។
នាជំនួបរបស់ សម្តេច អ៊ុល មុីយុន ដែលនិមន្តដឹកនាំគណៈប្រតិភូមកពីប្រទេសកូរ៉េ ជាមួយឯកឧត្តម រដ្ឋមន្រ្តី នាឱកាសនេះ គឺក្នុងគោលបំណងសំខាន់ ដោយបានស្នើរសុំសហប្រតិបត្តការលើការងារមួយចំនួនជាមួយថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជានាឱកាសនេះ សម្តេច អ៊ុល មុីយុន បាននិមន្តទៅកាន់វត្តវ័យចំណាស់មួយចំនួន ហើយបានសិក្សាពីវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងព្រះពុទ្ធសាសនានៅកម្ពុជា។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេច អ៊ុល មុីយុន ដែលបាននិមន្តដឹកនាំគណៈប្រតិភូមកពីប្រទេសកូរ៉េ មកកាន់កម្ពុជា ហើយបានស្វែងយល់ពី វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងព្រះពុទ្ធសាសនា នៅតាមបណ្តាវត្តអារាមមួយចំនួននៅកម្ពុជា។
ឯកឧត្តម ចាយ បូរិន សង្ឃឹមថាថ្ងៃនាមួយនៅពេលដែលមានដំណើរទស្សនកិច្ចនៅកម្ពុជា សម្តេច អ៊ុល មុីយុន និងគណៈប្រតិភូ និងជូនដំណើរមកក្រសួងធម្មការនិងសាសនាជាមុន ងាយស្រួលដើម្បីឲ្យ ឯកឧត្តម ចាត់តាំងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ណែនាំវត្តចំណាស់ណាមួយនៅកម្ពុជា និងអាចកសាងជាសមទ្ធិផលរួមមួយជាអនុស្សាវរីយ៍ជាមួយសម្តេចសង្ឃកម្ពុជា និងសម្តេចសង្ឃកូរ៉េ ។
នាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមថ្វាយបង្គំជូនពរ និងជូនពរ ម្តេច អ៊ុល មុីយុន និងគណៈប្រតិភូ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ជួបតែសុខសុវត្ថិភាពនៅក្នុងការធ្វើដំណើរទាំងទៅនិងមក ពិសេសសម្រេចគ្រប់ភារកិច្ចដែលគ្រោងនិងអនុវត្តបន្តទៀត ៕