ឯកឧត្តម ចាយ បូរិន ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺគ្របដណ្តប់លើគ្រប់វិស័យ ក្នុងនោះក្រសួងធម្មការនិងសាសនា ក៏ត្រូវបានយកចិត្តទុកដាក់បញ្ចូលវិធានការកាត់បន្ថយហានិភ័យ

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍បញ្ជាក់ពី ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺគ្របដណ្តប់លើគ្រប់វិស័យ ក្នុងនោះក្រសួងធម្មការនិងសាសនា ក៏ត្រូវបានយកចិត្តទុកដាក់បញ្ចូលវិធានការកាត់បន្ថយហានិភ័យ ភាពងាយរងគ្រោះ ដែលកើតមានពីគ្រោះមហន្តរាយ តម្រូវឱ្យរាជរដ្ឋាភិបាល ស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ មានភារកិច្ចទទួលខុសត្រូវចម្បងក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងគោលដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ សុខភាព ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាទ្រព្យសម្បត្តិវប្បធម៌សាសនា និងបរិស្ថាន។ 

មានប្រសាសន៍បែបនេះក្នុង ឱកាសដែល ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំ ផ្សព្វផ្សាយផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធវិស័យធម្មការនិងសាសនា នៅទីស្តីការក្រសួង រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ។

ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា បាននឹងកំពុងបំពេញតួនាទី និងយកចិត្តទុកដាក់អនុវត្តផែនការនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ចុវិស័យ និងភាពប្រាកដនិយមរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធាន     គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលកើតមានជាយថាហេតុភាគច្រើនបណ្តាលមកពី ជំនន់ទឹកភ្លៀង គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ អគ្គីភ័យ និងជំងឺរាតត្បាត ធ្វើឲ្យខូចខាត ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពិសេសវត្តអារាម វិហារសាសនាផ្សេងៗជាដើម។ ដូច្នេះយើងត្រូវត្រៀមលក្ខណៈបង្ការ និងការកាត់បន្ថយ មុខសញ្ញាគ្រោះថ្នាក់ និងផលប៉ះពាល់វិជ្ជមាន នៃមុខសញ្ញាគ្រោះថ្នាក់ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

 ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រោះមហន្តរាយក្រសួងធម្មការនិងសាសនា បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ថា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក.ធ.ស. បានបង្ហាញថាគ្រោះមហន្តរាយទឹកជំនន់ បានបង្កឱ្យប៉ះពាល់ ដល់មនុស្ស សត្វ ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផ្លូវជាតិ សាលារៀន ក្នុងនោះ ក៏មាន វត្តអារាម វិហារសាសនាផ្សេងៗ ១៧៦កន្លែង បព្វជិត/សាសនិក ២១៦៦អង្គ/នាក់ ព្រមទាំងអាយុជីវិតមនុស្ស សត្វពាហនៈ ខូចខាត ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពិសេសបានធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបរចិញ្ចឹមជីវិតក៏ដូចជា ប្រាក់ចំណូលផងដែរ ៕

Scroll to Top