ឯកឧត្តមបណ្ឌិត ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ពិធីកាត់ឬសសីមានិងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្នុង វត្ត ឥន្ទមុនីរុក្ខារាម (ហៅវត្តអូរដូនពៅ ) ស្រុកបវេល ខេត្តបាត់ដំបង

(បាត់ដំបង) ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកក្របាតក្រហមកម្ពុជា បានអញ្ជើញជាអធិបតីពិធី កាត់ឬសសីមានិងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅក្នុងវត្តឥន្ទមុនីរុក្ខារាម (ហៅវត្តអូរដូនពៅ ) ស្ថិតនៅភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត ប្រគេនព្រះសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនដល់ប្រជាពលរដ្ឋទាំងអស់ព្រមទាំងសូមថ្លែងអំណរព្រះគុណ និងអរគុណដល់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយដែលបានខិតខំ និងចូលរួមកសាងសមិទ្ធផលទាំងនេះឡើងហើយត្រូវបានដាក់សម្ពោធឆ្លងឱ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះ គឺជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាពស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការ ដឹកនាំដ៏បុិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ដែលបានដឹកនាំបន្តពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយសប្រគេនព្រះសង្ឃនិងជូនសប្បុរសជនដែលបានចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តឥន្ទមុនីរុក្ខារាម (ហៅវត្តអូរដូនពៅ ) និងប្រគេនបច្ច័យសម្រាប់កសាងទីអារាមដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន៤០លានរៀល ព្រមទាំងបានចែកវត្ថុអនុស្សាវរីយ៍ជូនដល់យាយជី តាជីចាស់ព្រឹទ្ធាចារ្យ ព្រមអ្នកដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ៕

Scroll to Top