ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំសហការី អញ្ជើញចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនពីលទ្ធផលការងារសំខាន់ៗរបស់ក្រសួងដែលសម្រេចបាន និងលើកទិសដៅអនុវត្តបន្ត ក្នុងការបំពេញបេសកកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា។
ឯកឧត្តម ចាយ បូរិន បានធ្វើបទបង្ហាញស្តីពីផែនការសកម្មភាពរបស់ក្រសួង ជូនដល់គណៈកម្មការទាំង១០របស់រដ្ឋសភា ក្នុងនោះក្រសួងបានបន្តរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសាសនា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើវីដេអូអប់រំសុជីវធម៌ ផ្សព្វផ្សាយនិងបណ្តុះបណ្តាល តួនាទី ភារកិច្ចដល់មន្ត្រីសង្ឃគ្រប់ឋានានុក្រម និងអាចារ្យ គណៈកម្មការវត្ត។ ជំរុញការបោះពុម្ពផ្សាយព្រះត្រៃបិដក គម្ពីរ ដីកា និងទស្សនាវដ្ដី កសាងផ្ទាំងប៉ាណូផ្សព្វផ្សាយពីពុទ្ធឱវាទ (Billboard) នៅទីស្តីការក្រសួង និងតាមផ្លូវចេញចូលពីព្រលានយន្តហោះជាដើម ។
ឯកឧត្តម រដ្ឋមន្រ្តី ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា សេចក្តីព្រាងច្បាប់ស្តីពីសាសនា នៃព្រះរាជាណាចក្រកម្ពុជា មិនទាន់បានរៀបចំរួចរាល់ សមត្ថភាពមន្ត្រីរាជការក្នុងការអនុវត្តគោលនយោបាយឌីជីថល នៅមានកម្រិត វត្តអារាមមួយចំនួនមិនទាន់បានចងក្រងប្រវត្តិវត្តនិងចុះបញ្ជី គណៈដឹកនាំនិងរចនាសម្ព័ន្ធដឹកនាំផ្នែកពាហិរសាសនា ពុំទាន់មានភាពច្បាស់លាស់ ការបើកវិហារ ស្នាក់ការថ្វាយបង្ខំ ឬកន្លែងបង្រៀនគម្ពីរសាសនាមួយចំនួនពុំទាន់អនុវត្តតាមច្បាប់អនុញ្ញាត ធ្វើឱ្យមានអធិករក្នុងសាសនានៅតែបន្តកើតមាន ជំនឿដោយគ្មានមូលដ្ឋានច្បាស់លាស់ ដូចជា គ្រូបារមី គ្រូសណ្ឋិត បង្ហោះសកម្មភាពតាមបណ្តាញសង្គមគ្មានមូលដ្ឋានច្បាស់លាស់ បង្កើតព្រឹត្តិការណ៍គ្មានសណ្តាប់ធ្នាប់ បុគ្គលសង្ឃខ្លះប្រើប្រាស់បណ្តាញសង្គមបង្ហាញសកម្មភាពប្រាសចាកពីធម៌វិន័យ ដើម្បីផលប្រយោជន៍ ពិបាកទប់ស្កាត់អ្នកសារព័ត៌មានអនឡាញមួយចំនួន ដែលផ្សព្វផ្សាយបំពុលសង្គមពាក់ព័ន្ធនឹងជំនឿសាសនា ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ។
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងក្រោមការដឹកនាំផ្ទាល់ របស់ឯកឧត្តមរដ្ឋមន្ត្រីចាយ បូរិន ដោយបានសម្រេចនូវ សមិទ្ធផលសំខាន់ៗជាច្រើនក្នុងក្របខ័ណ្ឌធម្មការ និងសាសនា។ សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីសាសនា តាងនាមគណៈកម្មការទាំង១០ របស់រដ្ឋសភា ឯកឧត្តមប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ក៏បានបង្ហាញនូវការគាំទ្រទាំងស្រុង និងបង្ហាញនូវក្តីសង្ឃឹមនិងជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈទិសដៅជាយុទ្ធសាស្រ្ត និងផែនការ សកម្មភាពជាអាទិភាពដែលក្រសួងបានដាក់ចេញ សម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងធ្វើឲ្យវិស័យធម្មការ និងសាសនា ដើរតួនាទីកាន់តែសំខាន់ ថែមទៀត ក្នុងដំណើរការទ្រទ្រង់ការអភិវឌ្ឍសង្គម ប្រកបដោយចីរភាព៕