សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធី “សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣”​ ស្តីពី​ ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធ​សាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាព ប្រកបដោយភាពធន់, និរន្តរភាព និង បរិយាបន្ន» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។
មានប្រសាសន៍ក្នុងពិធីដ៏ឧត្តុង្គឧត្តមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកទ្បើងថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវបង្កើនការយល់ដឹងប៉ុណ្ណោះទេ​ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធ​សាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ, ការពង្រឹង​ និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និងការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ។
ពិតណាស់ ការគិតគូរ​ទៅ​អនាគត ចាំបាច់ត្រូវ​ឈរលើមូលដ្ឋាន​គ្រប់គ្រាន់នៃសមិទ្ធផល​ដែល​សម្រេច​បានទាំងក្នុងពេលអតីតកាល និងបច្ចុប្បន្នកាល ។ ក្នុងន័យនេះ រយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាសម្រេចនឹងរក្សាបាននូវសុខសន្តិភាពពេញលេញ, ធានាអធិបតេយ្យជាតិ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព និងស្ថិរភាពនយោបាយ ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ដោយឈរលើស្មារតី «រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល និងអនុវត្តតាមបរិការណ៍ក្នុងប្រទេស (Think Globally and Act Locally)» រាជរដ្ឋាភិបាល​ នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវឤទិភាពគន្លឹះ ចំនួន ៥ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ។ យុទ្ធសាស្ត្របញ្ចកោណ ប្រកាន់យកទស្សនវិស័យវែងឆ្ងាយ ដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា ៥ ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជា​ប្រវត្តិសាស្ត្រចម្បងពីរ៖ (ទី១). ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក និង (ទី២). កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមានចំណូលខ្ពស់ឆ្នាំ ២០៥០។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថែមទៀតថា​ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ រាជរដ្ឋាភិបាលបានដាក់​ចេញ​ជា​បន្ដបន្ទាប់​នូវ​ «កម្មវិធីគោលនយោបាយអាទិភាព៦»​ ជាមួយ «វិធានការគន្លឹះ៥» និង​វិធានការ​កែទម្រង់មុត​ស្រួចនានាដែល​បាន​ដាក់​ចេញកន្លងមក និងវិធានការបុរេសកម្មផ្សេងៗ នាពេលខាងមុខ នោះកម្ពុជារំពឹងថាអាចនឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងអត្រា ៥,៦% នៅឆ្នាំ ២០២៣ និង​បន្ដងើបកាន់តែលឿន ក្នុងអត្រា ៦,៦% នៅ​ឆ្នាំ២០២៤ ។ ប្រាកដណាស់​ថា ទស្សនវិស័យ​​កំណើន​​នេះ អាចនឹងប្រឈមនូវហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្នកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជានៅទ្បើយ។ ក្នុងន័យនេះ កម្ពុជាត្រូវប្រកាន់នូវជំហរ និងស្មារតីកែទម្រង់ជាប់ជាប្រចាំ និងបុរេសកម្មជានិច្ចនិរន្តន៍ ដោយការព្យាយាមកសាងឱ្យបាននូវភាពធន់ និងជំរុញពិពិធកម្មសេដ្ឋកិច្ចថែមទៀត ។
សូមបញ្ជាក់ផងដែរថា សន្និសីទប្រចាំឆ្នាំរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំទ្បើងចំនួន ១៥ លើក គិតចាប់តាំងពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០២៣ ដោយមានកិច្ចសហការជាមួយស្ថាប័នអន្តរជាតិនានា ហើយកន្លងមកតែងតែទទួល​បានការគាំទ្រ និងការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ យ៉ាងណាម៉ិញ ដូចគ្នា​នឹងរាជរដ្ឋាភិបាលអាណត្តិមុនៗដែរ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែចាត់ទុកសន្និសីទនេះជាវេទិកាដ៏សំខាន់ ដែលផ្តល់ឱកាសឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស «ស្ថាប័ន​ស្រាវជ្រាវ» បាន​ពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល, បញ្ហាប្រឈម និង ទិសដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង និង​ភាព​បត់បែន​ទៅ​តាមការផ្លាស់ប្តូរនៃ​បរិការណ៍សកល និងតំបន់ ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកប​ដោយភាពធន់ និរន្តរភាព និងបរិយាបន្ន​ ៕

Scroll to Top