សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា យាងនិងអញ្ជើញជាអធិបតី ពិធីបិទវគ្គ និងចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមចូលរួមសិក្ខាសាលាអន្តរជាតិ ក្រោមប្រធានបទ” ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំ ” នាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នារសៀលថ្ងៃទី ១៥ខែកញ្ញា ឆ្នាំ ២០២៤ ។នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ប្រធានបទ “ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំ” ពិតជាប្រធានបទដ៏មានសារៈសំខាន់ ដោយសារការដឹកនាំប្រកបដោយប្រសិទ្ធភាព នាពេលបច្ចុប្បន្នទាមទារឱ្យមានការយល់ដឹងអំពីវប្បធម៌ និងភាពរសើបនៃវប្បធម៌ផ្សេងៗ ការយល់ដឹងអំពីវប្បធម៌ចម្រុះ គឺការយល់ដឹងអំពីគុណតម្លៃទស្សនៈ ផ្នត់គំនិត និងអាកប្បកិរិយាខុសគ្នា អ្វីដែលអាចទទួលយកបាននៅក្នុងវប្បធម៌មួយ អាចជាការប្រមាថនៅក្នុងវប្បធម៌មួយផ្សេងទៀត។ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា កម្ពុជាជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូបែប ដែលគុណតម្លៃនៃវប្បធម៌ខ្មែរផ្អែកលើមូលដ្ឋានព្រះពុទ្ធសាសនា ជាពិសេសវប្បធម៌កតញ្ញូ មេត្តា ករុណា អហិង្សា និងស្មារតីបម្រើមនុស្សជាតិ ជាគោលការណ៍ដ៏សំខាន់ សម្រាប់រស់នៅក្នុងសង្គមជាមួយគ្នាឱ្យបានល្អប្រសើរ ទាំងក្នុងសង្គមគ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល ដូចនេះសុខដុមនីយកម្មសាសនាពិតជាមានសារៈសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ជារៀងរហូតមក ។ នាឱកាសនេះ ឯកឧត្តម ចាយ បូរិន សូមអបអរសាទរយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ”ភាពជាអ្នកដឹកនាំនិងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ ដុងហ្គុកវាយស៍ ( Dongguk Wise University ) នៃសាធារណរដ្ឋកូរ៉េ ដែលសុទ្ធតែបានបញ្ជាក់អំពីការទទួលស្គាល់ប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅចំពោះការធ្វើវិភាគទានរបស់ សម្ដេចតេជោ សម្រាប់សន្តិភាព ក្នុងតំបន់និងពិភពលោក។ឯកឧត្តម ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានជម្រាបជូន សមេ្តចព្រះអភិសិរី និង ឯកឧត្តម រដ្ឋមន្រ្តីថា សិក្ខាសាលាអន្តរជាតិនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ និង១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានសាស្ត្រាចារ្យមកពីប្រទេសអាហ្រ្វិកខាងត្បូង សាស្ត្រាចារ្យមកពីប្រទេសអង់គ្លេស សាស្ត្រាចារ្យមកពីប្រទេសអូស្ត្រាលី សាស្ត្រាប្រទេសស្រីលង្កា និងសាស្ត្រាចារ្យកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងក្រសួងធម្មការ និង សាសនា ក្រសួងអប់រំ ក្រសួងមហាផ្ទៃ ខណៈសិក្ខាកាមចូលរួមមានចំនួន ១៦០អង្គ/នាក់ និងមានព្រះសង្ឃ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិចូលរួមសុបប្រមាណជាជាង ៣២៥អង្គ/នាក់ ៕