សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានយាងនិងអញ្ជើញ ចែកព្រះរាជទានដល់ប្រជាពុទ្ធបរិស័ទ ចំនួន៥០០គ្រួសារ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ថ្ងៃច័ន្ទ ១៤ រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ។
សម្តេចព្រះមហាសង្ឃរាជ មានព្រះរាជបន្ទូលថាទោះបីកម្ពុជាបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ តែសាសនាទាំងអស់នៅកម្ពុជាសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ជ្រកក្រោមម្លប់សន្តិភាពរួមគ្នា ដូចនេះសូមគ្រប់សាសនាទាំងអស់រួមរស់ដោយ សុខដុមនីយកម្មសាសនា ឲ្យស្របទៅនឹងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ ។
សម្តេចព្រះមហាសង្ឃរាជ មានព្រះរាជបន្ទូលសូមថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិតពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងតែគាំទ្រឧបត្ថម្ភដល់គណៈធម្មយុត្តិកនិកាយជារៀងរហូតមក នឹងថ្លែងអំណរគុណ ដល់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលបានដង្ហែព្រះរាជដំណើររបស់សម្តេចនាឱកាសនេះ ដែលនាំយកព្រះរាជទានមួយចំនួនមកចែកដល់ប្រជាពុទ្ធបរិស័ទ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន៥០០គ្រួសារ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ។
ជាមួយគ្នានេះដែរឯកឧត្តមចាយ បូរិន ក៏បានរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់សូមថែទាំសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ សម្អាតបរិស្ថានជុំវិញផ្ទះ រួមគ្នាគោរពច្បាប់ចរាចរណ៍ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពិសេស អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស រក្សាគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លូន ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលចាត់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន និងបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍បញ្ជាក់ផងដែលថា នាពេលឆាប់ៗខាងមុខនេះ កម្ពុជាមានកំពុងពង្រីកខឿនសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយទៀត គឺ គម្រោងព្រែកជីកហ្វូណនតេជោ ដែលអាចជម្រុញវិស័យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរីកចម្រើន ។ ជាងនេះទៅទៀត ឯកឧត្តម បានអំពាវនាវដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន នៅខេត្តភាគឥសាន្ត ដែលមានដូចជា ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រោះរាជរដ្ឋាភិបាលបានរៀបចំជារមធ្យោបាយដឹកជញ្ជូនទាំងទៅនឹងមក និងផ្តល់ជូនអាហារ៣ពេលជូនបងប្អូនប្រជាពលរដ្ឋដែលទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៧ ខែកញ្ញានេះ រហូតដល់ចុងឆ្នាំ២០២៤ ។ បន្តមក ឯកឧត្តម ចាយ បូរិន និងក្រុមការងារ បានក៏បានអញ្ជើញសួរសុខទុក្ខនិងនាំយកវត្ថុអនុស្សាវរីយ៍ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំែបរ ខេត្តត្បូងឃ្មុំផងដែរ៕