(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣១ ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា រយៈពេល២ថ្ងៃ ថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ គូសបញ្ជាក់ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីបូក សរុបសកម្មភាព ពិនិត្យ និងវាយតម្លៃលើលទ្ធផលការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃ ដែលបានដាក់ចេញកន្លងមក ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការអនុវត្ត ការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្ត សំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ផែនការ យុទ្ធសាស្ត្រ និងលិខិត បទដ្ឋានគតិយុត្តដែលមានជាធរមាន និងពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅធ្វើយ៉ាងណាឲ្យវិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាស្រែបុណ្យគួរជាទីគោរពបូជារបស់ពុទ្ធបរិស័ទ។
ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានលើកឡើងថា ក្រោមនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាព ទឹកដីទាំងស្រុង។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាការពារយ៉ាងគត់មត់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងនោះវិស័យ ធម្មការ និងសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព ហើយថាបច្ចុប្បន្នក្រោមដំបូលនៃសន្តិភាព វត្តអារាម ក៏ត្រូវបានកសាងឡើងវិញ ជាបន្តបន្ទាប់ពាសពេញប្រទេស គ្រប់រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ក្នុងនោះព្រះពុទ្ធសាសនាថេរវាទ មានវត្តសរុប ចំនួន ៥១៣៣វត្ត មហានិកាយ ៤៨៦៦វត្ត ធម្មយុត្តិកនិកាយ ២៦៧វត្ត សរុបព្រះសង្ឃមានចំនួន ៦៨,៩៦៧អង្គ។ ដោយឡែក ពុទ្ធសាសនាមហាយាន និងសាសនាផ្សេងៗ ក៏កំពុងមានវត្តមាន និងធ្វើសកម្មភាពប្រកបដោយសុខដុម នីយកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ថ្លែងបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះក្រសួងធម្មការ និងសាសនា ដែលបានរៀបចំធ្វើអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣១នេះឡើង ដើម្បីផ្ដល់កាលានុវត្តភាពសម្រាប់ការពិភាក្សាលើបុព្វហេតុលើកស្ទួយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋឱ្យបានរីកចម្រើន និងស្ថិតស្ថេរគង់វង្ស តរៀងទៅ។
សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជាកំពុងតែប្រតិបត្តិការងាររបស់ខ្លួន ដោយរលូននៅគ្រប់ទិសទីទូទាំងប្រទេស ដោយប្រកាន់ខ្ជាប់នូវការគោរព សហប្រតិបត្តិការ សាមគ្គីភាព យ៉ាងជិតស្និទ្ធ ស្មោះត្រង់ ដោយឈរលើគោលការណ៍គោរព អធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមក គ្រប់កាលៈទេសៈ ដើម្បីសម្រេចបានសាមគ្គីភាព សុខដុមរមនាសាសនា និងសង្គមជាតិ។
ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានលើកឡើងថា ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការរីកចម្រើន គួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព ដោយវិស័យពុទ្ធិកសិក្សាជាវិស័យដ៏សំខាន់សម្រាប់ការបណ្ដុះបណ្ដាលធនធានព្រះសង្ឃ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ តែទន្ទឹមនឹងការរីកចម្រើនទាំងឡាយ យើងក៏នៅមានបញ្ហាមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីចៀសវាងនូវបាតុភាព អសកម្មផ្សេងៗ ដែលជះឥទ្ធិពលមិនល្អដល់សង្គមជាតិ និងសាសនា ពិសេសព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋនៃយើង។
ក្នុងឱកាសនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានប្រគល់ថវិកា ចំនួន៥ពាន់ដុល្លារ ដែលជាព្រះរាជទានរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីចូលរួមឧបត្ថម្ភការរៀបចំអនុសំវច្ចរ មហាសនិ្នបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី៣១នេះ ហេីយដោយឡែកសម្តេច ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន២០លានរៀលផងដែរ៕