រដ្ឋមន្រ្តីក្រសួងធម្មការ ចូលគាល់ក្រាបថ្វាយបង្គំថ្វាយ​ព្រះ​ពរ​ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាយាងពិនិត្យព្យាបាលព្រះរោគនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា រួមជាមួយថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនាបានអញ្ជើញចូលក្រាបបង្គុំទូលថ្វាយសួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះចៅអធិការវត្ត ឧណ្ណាលោម ដែលកំពុងព្យាបាលព្រះរោគ នៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ រសៀលថ្ងៃ អាទិត្យ ១១រោច ខែមិគសិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តម ចាយ បូរិន បានក្រាបបង្គំទូលថ្វាយនូវការផ្តាំផ្ញើរ សួរសុខទុក្ខ និង ថ្វាយ ព្រះ ពរ ជ័យ បវរ សួស្ដី សិរីមង្គល វិបុល សុខ មហា ប្រសើរ ពីសំណាក់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និង ក្រាបថ្វាយបង្គុំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាបាន សម្ដែងនូវការគោរពដឹងគុណកោតសរសើរដោយស្មោះចំពោះព្រះវីរៈភាព និងស្នាព្រះហស្ថដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ដែល បានយាងចូលរួមចំណែក បំរើ វិស័យព្រះពុទ្ធសាសនាក៏ដូចជា ការស្តាកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើនជារៀងរហូតមក ។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតបានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយជីវិតរបស់ព្រះអង្គ ដោយព្រះអង្គបានទៅ
រៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារហើយបានបួសជាសង្ឃក្នុងមជ្ឈឹមវ័យនៅឆ្នាំ១៩៥២ រហូតដល់ឆ្នាំ១៩៧៥ដោយបានទទួលសណស័ក្កជាព្រះគ្រូធម្មាចារ្យ ។នៅឆ្នាំ១៩៧៥ ព្រះគ្រូធម្មាចារ្យ ទេព វង្ស ត្រូវបានរបបខ្មែរក្រហមចាប់ផ្សឹក និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃជាមួយប្រជាជនទូទាំងប្រទេស ។ ក្រោយថ្ងៃរំដោះ៧មករា១៩៧៩លោកគ្រូធម្មាចារ្យបានចូលបួសវិញនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ១៩៧៩ហើយបានទទួល សណស័ក្កនិង ព្រះរម្យងារជាបន្តបន្ទាប់ដូចជា ព្រះឧបជ្ឈាយ៏ ប្រធានសង្ឃទូទាំងប្រទេស ជាព្រមហាសុមេធាធិបតី ជាព្រះសង្ឃនាយកនៃរដ្ឋកម្ពុជា-ជាអនុប្រធានរណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា-ជាអនុប្រធានរដ្ឋសភា-ជាសម្តេចសង្ឃរាជគណមហានិកាយនៃកម្ពុជា -ជាគណអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៏មាតុភូមិកម្ពុជា-ជាឯកអគ្គរដ្ឋទូតសន្តិភាព ដោសហព័ន្ធអន្តរជាតិជាសហប្រធានក្រមប្រឹក្សាសាសនា ពិភពលោកដើម្បីសន្តិភាព នៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក-ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត-សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរឯកឧត្តម ចាយ បូរិន បានថ្វាយនូវទេយ្យទាន និងបច្ច័យដល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី និងសូមបួងសួងដល់តេជៈគុណព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានព្រះពរជ័យដល់សម្តេច ឆាប់ជាពីព្រះរោគាពាធ មានព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ និងផ្ដល់ឱវាទដល់ព្រះសង្ឃនឹងប្រជាបរិស័ទគ្រប់វ័យអោយបានយល់ដឹងនូវមាគ៌ានៃព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ជានិច្ចនិរន្តរ៍តរៀងទៅ។

Scroll to Top