ភូមិចំនួន១០ក្នុងខេត្តរតនគិរី អណ្ដូងស្នប់ទឹកស្អាតអាហ្វ្រ៊ីដេស ១០អណ្តូង ពីឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធី ចុះប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេស ចំនួន១០អណ្ដូង ដល់ភូមិចំនួន១០ ក្នុងខេត្តរតនគិរី។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ឯកឧត្តម បាននាំក្ដីនឹករលឹក គោរពស្រលាញ់របស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ពីការដឹកនាំ ការរួមសាមគ្គីគ្នា នៅគ្រាលំបាក ចេះចែករំលែក តាមលទ្ធភាពដែលខ្លួនមាន ស្រលាញ់គ្នាទៅវិញទៅមក ក្រោមម្លប់សុខសន្តិភាព នូវស្នាមញញឹម និងភាពរីករាយ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុល សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពីព្រោះយើង គឺជាខ្មែរ យើងគឺតែមួយ ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍន៏ ដោយរក្សានូវការរួមសាមគ្គីភាព ឈរលើចក្ខុវិស័យរួមជាមួយរាជរដ្ឋាភិបាលរួមគ្នាដើម្បីកម្ពុជារីកចម្រើន ។

ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងការចង្អុលបង្ហាញរបស់អាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ធ ឯកឧត្ដមខាន់ ខុន បានចុះប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន១០អណ្ដូង ដល់ភូមិខ្វះខាតចំនួន១០ក្នុងខេត្តរតនគីរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្តរតនគិរី លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី លោក ទេព ណារ៉ា ប្រធានមន្ទីរធម្មការ និងសាសនា រួមទាំងអាជ្ញាធរ ស្រុក ឃុំ ភូមិ ដើម្បីចុះ ជួយសម្រួល ។
ក្នុងនោះកុមារចំនួន៥នាក់ទទួលបានសម្ភារៈសិក្សា សំលៀកបំពាក់ដល់កុមារខ្វះខាត និងប្រគល់ជូននៅម៉ូតូកង់៣ដល់គ្រូគង្វាលក្រុមជំនុំបេសកកម្មដំណឹងល្អ១គ្រឿងផងដែរ ។ សម្រាប់ទីតាំងទាំង១០ដែលទទួលបានអណ្ដូងទឹកស្អាតអាហ្វ្រ៊ីដេស នាឱកាសនេះរួមមាន៖
១. ភូមិឡុំកមថ្មី ឃុំប៉ក់ញ៉ៃ ក្រុងអូរយ៉ាដាវ ខេត្តរតនគិរី
២. ភូមិសំ ឃុំយ៉ាទុង ក្រុងអូរយ៉ាដាវ ខេត្តរតនគិរី
៣. ភូមិដរធំ ឃុំយ៉ាទុង ក្រុងអូរយ៉ាដាវ ខេត្តរតនគិរី
៤. ភូមិខ្វែង ឃុំយ៉ាទុង ក្រុងអូរយ៉ាដាវ ខេត្តរតនគិរី
៥. ភូមិក្រូច ឃុំឯកភាព ក្រុងអូរជុំ ខេត្តរតនគិរី
៦. ភូមិប៉ាជន់ធំ ឃុំឯកភាព ក្រុងអូរជុំ ខេត្តរតនគិរី
៧. ភូមិល្អឺនក្រែន ឃុំអូរជុំ ក្រុងអូរជុំ ខេត្តរតនគិរី
៨. ភូមិប្រាក់មួយ ឃុំសាម្គី ស្រុកអូរជុំ ខេត្តរតនគិរី
៩. ភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី
១០. ភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។

ឯកឧត្តម ខាន់ ខុន បានមានប្រសាសន៏ផងដែលថា ការផ្តល់អណ្តូងជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ជាការគិតគូរមានសុខទុក្ខបងប្អូន ពិសេសសុខភាពជាចាំបាច់ ដូច្នេះបងប្អូនគប្បីត្រូវរក្សាឲ្យបាននៅការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បូជៀសឆ្ងាយពីជំងឺមកបៀតបៀន និងទទួលបានសុខភាពល្អ។

សូមជម្រាបជូនថា ក្រុមជំនុំបេសកកម្មដំណឹងល្អ ជាក្រុមជំនុំគ្រីស្ទសាសនា ដោយមានការចូលរួមគ្នាបរិច្ចាគ ពីសប្បុរសជនទាំងក្នុងស្រុក និងក្រៅប្រទេស ជាថវិកានឹងការអធិដ្ឋាន ដើម្បីចូលរួមជួយដល់ប្រជាជន តាមសហគមន៍នីមួយៗ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹក ប្រើនៅរដូវប្រាំង និង ចែកអំណោយ សម្រាបចាស់ជរា ស្ត្រីមេម៉ាយ និងអ្នកងាយរងគ្រោះផ្សេងៗ ៕

Scroll to Top