ព្រះរាជពិធីបុណ្យមហាសង្ឃទាន ចម្រើនព្រះបរិត្ត សត្តប្បករណាភិធម្មបង្សុកូល ថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរម បានអញ្ជើញជាអធិបតីប្រារព្ធ ព្រះរាជពិធីបុណ្យមហាសង្ឃទាន ចម្រើនព្រះបរិត្ត សត្តប្បករណាភិធម្មបង្សុកូល ថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយាងចូលទិវង្គត កាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ។

នាមហារោងបុញ្ញកម្ម វត្តឧណ្ណាលោម រាជធានីភ្នំពេញ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធបទនមាសិកា សមាទានសីល ព្រះត្រៃរតន៍  ចម្រើនព្រះបរិត្ត សត្តប្បករណាភិធម្មបង្សុកូល ថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព និមន្តដឹកនាំដោយព្រះគណសង្ឃនាយនៃព្រះរាជាណាចក្រកម្ពុជា រួមមាន ៖ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ(អគ្គមហាសទ្ធម្មជោតិកធជ:) ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា, សម្តេចព្រះឧត្តមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ, សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភាពុទ្ធសាសនាកម្ពុជា, សម្តេចព្រះព្រហ្មរតនមុនី ពិន សែម គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, ព្រះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ,ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរម, ប្រជាពុទ្ធបរិស័ទនិងញាតិព្រះធម៌គ្រប់ទិសទី ។

ថ្នាក់ដឹកនាំទូទាំងប្រទេសព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ញាតិព្រះធម៌គ្រប់ទិសទី បាននិមន្ត និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ   និង  ចម្រើនព្រះបរិត្ត ព្រះសត្តប្បករណាភិធម្មបង្សុកូល ឧទ្ទិសថ្វាយមហាព្រះរាជកុសលថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវមហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្តុងឧត្តមនៃប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា  ដោយពេញមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់អស់ព្រះកាយពល  ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលត្រូវបានតែងតាំងជា សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្ថជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានរួមចំណែកយ៉ាងធំធេងកសាងសមិទ្ធផលនានាក្នុងសង្គម និងមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ពិសេសព្រះអង្គធ្វើពលិកម្មគ្រប់បែបយ៉ាងបូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។សូមជម្រាបជូនថា គិតមកត្រឹមថ្ងៃទី០២ ខែមិថុនានេះ ព្រះបរមសព បានតំកល់រៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធអស់រយៈពេល៩៨ថ្ងៃហើយ ព្រមទាំងបានប្រារព្ធព្រះរាជពិធីតាមបែបប្រពៃណីព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដើម្បីឧទ្ទិសថ្វាយមហារាជកុសលដ៏ខ្ពង់ខ្ពស់ ចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ឲ្យស័ក្តិសមទៅនឹងព្រះគុណបំណាច់ ព្រះកិត្តិយស និងព្រះមហាករុណទិគុណដ៏ធំធេង របស់សម្តេចជាអម្ចាស់ដែលបានបូជាចំពោះ ជាតិ សាសនានិងព្រះមហាក្សត្រ និងសូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គបានយាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រះបរមសុខ កុំបីអាក់ខានឡើយ៕

Scroll to Top