ព្រះរាជពិធីឆាកមហាបង្សុកូល ឆ្លងខួបគម្រប់ ១០០ថ្ងៃ ថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា  “មហាវីរសង្ឃសិរីធម្មរាជ”

នៅព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះរាជពិធីឆាកមហាបង្សុកូល ឆ្លងខួបគម្រប់ ១០០ថ្ងៃ ថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា  “មហាវីរសង្ឃសិរីធម្មរាជ” ត្រូវបានប្រារព្ធឡើង នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា  “មហាវីរសង្ឃសិរីធម្មរាជ” បានអញ្ជើញដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទ្ធ ចូលរួម ព្រះរាជពិធីឆាកមហាបង្សុកូល វេរ ថ្វាយ មហាសង្ឃទាន ចំពោះ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី ៣ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា, សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា , សម្តេចព្រះឧត្តមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនាកម្ពុជា, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី, ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ចំនួន 93 ព្រះអង្គ ដារពិស្តារ ពហូទេវា ទស់បន្លុងដោយសម្តេចព្រះសង្ឃ ១២ ព្រះអង្គ និងរាប់បាត្រប្រគេនព្រះសង្ឃ ចំនួន ៨១ ព្រះអង្គ ជាកិច្ចបង្ហើយបុណ្យឆ្លង ខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសនូវមហាព្រះរាជកុសល ថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា  “មហាវីរសង្ឃសិរីធម្មរាជ” ដែលបានចូលព្រះទិវង្គតទៅកាន់បរលោកឯនាយខាងមុខហើយនោះ សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គបានយាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រះបរមសុខ កុំបីអាក់ខានឡើយ។

ការយាងចូលទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា កាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ គឺជាការបាត់បង់មហាវីរសង្ឃកំពូល ដែលជាកុលបុត្រ ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន និងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញនូវព្រះពុទ្ធសាសនា  ក្នុងព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបូជា ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុតលះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត្រ និងបង្កើតគណសង្ឃកម្ពុជាឡើងវិញ រហូតដល់បច្ចុប្បន្ន៕

Scroll to Top