ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នៅសាលាគណខេត្តក្រចេះ ក្រោមការរៀបចំរបស់សាលាគណខេត្ត ដោយសហការណ៍ជាមួយមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ ពិធីនេះបានប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ នាថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាពសម្តេចព្រះមហាអរិយវង្ស យ៉ន សេង យៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ជាព្រះរាជតំណាងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអធិបតី បានមានសង្ឃដីកាសំណេះសំណាលមួយចំនួនដូចខាងក្រោម៖
១-ត្រូវប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ
២-សូមរៀបចំវត្តអារាមឱ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា
៣-សូមបង្កើតឱ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាមដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។
បន្ទាប់ឯកឧត្ដម ហុឹម និមល រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាគណៈអធិបតី ឯកឧត្តម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានថ្លែងសុន្ទរកថាក្នុងពិធីបើកការផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅខេត្តក្រចេះ និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រគេនចំពោះ សម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះសង្ឃគ្រប់អង្គ លោកអាចារ្យ គណៈកម្មការ ពុទ្ធសាសនិក ឥស្លាមសាសនិក គ្រឹស្តសាសនិក ភ្ញៀវកិត្តិយសនិងអង្គពិធីទាំមូល។ ក្នុងនោះផងដែរ ឯកឧត្តមបានមានប្រសាសន៍ឱ្យបន្តការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ តាមរាជធានី-ខេត្ត ទាំង៨ចំណុច៖
១.លើកកិត្យានុភាពព្រះពុទ្ធសាសនា
២.តម្រង់ទិសដល់ពុទ្ធបរិស័ទក្នុងការប្រតិបត្តិធម្មវិន័យ
៣.ពិនិត្យផ្ទៀងផ្ទាត់ធម្មវិន័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ
៤.ពង្រឹងការអប់រំមនុស្សតាមបែបព្រះពុទ្ធសាសនា (សីល សមាធិ បញ្ញា)
៥.លើកកម្ពស់ក្រមសីលធម៌សង្គម
៦.ពង្រឹងសាមគ្គីភាពពុទ្ធបរិស័ទ
៧.ផ្សារភ្ជាប់ព្រះពុទ្ធសាសនានឹងសង្គម
៨.កំណត់ទិសដៅការអនុវត្តបន្តសម្រាប់ឆ្នាំបន្ទាប់។
ពិធីបិទក្រោមអធិបតីភាព ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្ដមមានប្រសាសន៍បិទកម្មវិធីថា វិស័យព្រះពុទ្ធសាសនាគឺជាសាសនាមួយក្នុងចំណោមសាសនាធំៗលើសកលលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្តចំពោះពុទ្ធបរិស័ទអ្នកគោរពប្រត្តិបត្តិ ដោយមានការនិមន្តចូលរួមពី ព្រះមេគណខេត្តទាំងពីរគណៈព្រះមន្ត្រីសង្ឃខេត្ត ក្រុង និងស្រុកគ្រប់ឋានានុក្រម ព្រះគ្រូចៅអធិការវត្តគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយទាំង១៨០វត្ត ក្នុងខេត្តក្រចេះ លោកប្រធានមន្ទីរ លោក លោកស្រីមន្ត្រីរាជការ នៃមន្ទីរធម្មការ និងសាសនាខេត្តព្រមទាំងលោកគ្រូ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទប្រមាណ៦០៣អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃចំនួន២២១អង្គ។របាយការណ៍លើវិស័យធម្មការ និងសាសនា ក្នុងខេត្តក្រចេះ ក្នុង២០២៣-២០២៤ នេះ មានដូចតទៅ៖
១-វិស័យព្រះពុទ្ធសាសនាទូទាំងខេត្តក្រចេះ
ទូទាំងខេត្តក្រចេះ មានវត្តសរុបចំនួន១៨០វត្ត ក្នុងនោះវត្តគណៈមហានិកាយមាន ចំនួន១៦៧វត្ត វត្តគណៈធម្មយុត្តិកនិកាយមានចំនួន១៣វត្ត ព្រះសង្ឃសរុបទូទាំងខេត្ត មានចំនួន ១,៤២២ អង្គ ក្នុងនោះព្រះសង្ឃគណៈមហានិកាយចំនួន ១,៣៣៥អង្គ/សាមណេរចំនួន ៩៥៦អង្គ ព្រះសង្ឃគណៈធម្មយុត្តិកនិកាយចំនួន៨៧អង្គ/សាមណេរចំនួន ៧២អង្គ អាចារ្យចំនួន៥២២ នាក់ គណៈកម្មការចំនួន៨៥១នាក់ តាជីមានចំនួន៤នាក់ យាយជីចំនួន៦២នាក់ និងអ្នកស្នាក់នៅក្នុងវត្តចំនួន ២៤៦នាក់។
២-វិស័យពាហិរសាសនា ៖
+ គ្រិស្តសាសនា !
ខេត្តក្រចេះ មានវិហារ២២កន្លែង ស្នាក់ការថ្វាយបង្គំគ្រិស្តសាសនា៤៤កន្លែង មានបរិស័ទ
សរុប១,៨១១នាក់ ស្រី៥០៧នាក់។
+ សាសនាមហាយាន :
មានចំនួន០៣កន្លែង មានបរិស័ទសរុប៣៨០នាក់/ស្រី២៦៥នាក់ ។
+ ឥស្លាមសាសនា
ឥស្លាមមានវិហារចំនួន៨៣កន្លែង សូរ៉ាវ ១៣៣កន្លែង អ៊ីមាំម៉ាស្ជីត៨០នាក់ មានបរិស័ទសរុប៤៤,៨៥២នាក់/ស្រី២,៣៦១៨នាក់។
៣-វិស័យពុទ្ធិកសិក្សា និងបណ្ណាល័យ :
ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ មានសាលាធម្មវិន័យចំនួន១កន្លែង សាលាពុទ្ធិកបឋមសិក្សា មានចំនួន១៥កន្លែង និងសាលាពុទ្ធិកអនុវិទ្យាល័យមានចំនួន០១កន្លែង សរុបសមណសិស្ស និងសិស្ស ចំនួន៥៨៧អង្គ/នាក់។