ពិធីប្រកាសលទ្ធផល ការសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤

នារសៀលថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីប្រកាសលទ្ធផល ការសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤ នៅបរិវេណវិហារធំគីឡូម៉ែត្រលេខ៩ ស្ថិតនៅភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ។

ពិធីប្រកាសលទ្ធផល ការសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤ នេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម បណ្ឌិតឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម លោកជំទាវសមាជិក ព្រឹទ្ធសភា រដ្ឋសភា , ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, អ្នកឧកញ៉ា សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ីស្លាមកម្ពុជា, ថ្នាក់ដឹកនាំសាសនាឥស្លាម , សិស្ស និស្សិត យ៉ាងច្រើនកុះករ។

អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ីស្លាមកម្ពុជា និងជាប្រធានគណៈកម្មការពិធីសូត្រ បានមានប្រសាន៍ជម្រាបជូន ឯកឧត្តម សន្តិបណ្ឌិត ថា ពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គូរអានុមការី ថ្នាក់ជាតិឆ្នាំ២០២៤ បានប្រារព្ធឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ” ឥស្លាមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់” ដោយមានបេក្ខជន បេក្ខនារីជា ករី ករីយះ ចំនួន៣៩រូបក្នុងនោះ ស្ត្រី១៨រូប និងបេក្ខជន បេក្ខនារីជា ហាហ្វីស ហាហ្វីហ្សោះ១២រូប ក្នុងនោះស្រ្តី២រូប។

ការលើកយកប្រធានបទ ” ឥស្លាមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់” គឺស្របទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំប្រឹងប្រែង កំណត់គោលដៅរួមទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនខុសច្បាប់ ដើម្បីបង្ហាញសេចក្តីគាំទ្រយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងធម្មការនិងសាសនា ក្នុងការចូលរួមផ្សព្វផ្សាយដល់យុវជន យុវនារី ក្រប់ស្រទាប់វណ្ណៈ។

ជាលទ្ធផលក្នុងការប្រលងសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤នេះទទួលលទ្ធផលដូចតទៅ៖

-ផ្នែកបុរស បេក្ខជនជា ករី ចំណាត់ថ្នាក់លេខ១បានទៅ ខេត្តស្ទឹងត្រែង , ចំណាត់ថ្នាក់លេខ២បានទៅ រាជធានីភ្នំពេញ,និងចំណាត់ថ្នាក់លេខ៣បានទៅ ខេត្តកណ្តាល។

-ផ្នែកនារី បេក្ខនារីជា ករីយះ ចំណាត់ថ្នាក់លេខ១បានទៅ ខេត្តបាត់ដំបង , ចំណាត់ថ្នាក់លេខ២បានទៅ ខេត្តត្បូងឃ្មុំ,និងចំណាត់ថ្នាក់លេខ៣បានទៅ ខេត្តកោះកុង។

+ផ្នែកបុរស បេក្ខជនជា ហាហ្វីហ្ស ចំណាត់ថ្នាក់លេខ១បានទៅ ខេត្តកំពង់ចាម , ចំណាត់ថ្នាក់លេខ២បានទៅ និងចំណាត់ថ្នាក់លេខ៣បានទៅ ខេត្តកំពង់ចាម។

+ផ្នែកនារី បេក្ខនារីជា ហាហ្វីហ្សោះ ចំណាត់ថ្នាក់លេខ១បានទៅ ខេត្តឧត្តរមានជ័យ , ចំណាត់ថ្នាក់លេខ២បានទៅ ខេត្តកំពង់ឆ្នាំង, និងចំណាត់ថ្នាក់លេខ៣បានទៅ ខេត្តកោះកុង។

ដោយឡែកសម្រាប់បេក្ខជន បេក្ខនារីដែលត្រូវជាប់ទៅប្រលងការសូត្រគម្ពី អាល់គួរអានុលការីមថ្នាក់អន្តរជាតិ ផ្នែកបុរសបានទៅខេត្តស្ទឹងត្រែង , ផ្នែកនារី បានទៅខេត្តបាត់ដំបង។

នាឱកាសនេះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានធ្វើការកែទម្រង់រចនាសម្ព័ន្ធដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយស្ថានភាពតំបន់និងពិភពលោកដែល បាននិងកំពុងគំរាមកំហែង បង្កផលប៉ះពាល់ដល់កម្ពុជាផងដែរជាក់ស្តែងក្រុមឧក្រិដ្ឋជន បានលួចលាក់ចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន តាមផ្លូវគោក ផ្លូវទឹក បញ្ញើប្រៃសណីយ៍ និងតាមផ្លូវអាកាស ធ្វើសកម្មភាពរក្សាទុក និងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ដើម្បីចែកចាយ នៅក្នុងប្រទេសមុននឹងចរាចរបន្តទៅប្រទេសទីបីទៀត។ សកម្មភាពទាំងនេះ បានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ធ្វើឱ្យប្រជាជនយើងមួយចំនួនចាញ់កលល្បិច ធ្លាក់ខ្លួនទៅពាក់ព័ន្ធនឹងការប្រព្រឹត្តិបទល្មើស និងជាអ្នកញៀនគ្រឿងញៀនបង្កការលំបាកធ្ងន់ធ្ងរដល់ខ្លួនឯង គ្រួសារ និងសហគមន៍ដូចជា អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ឧក្រិដ្ឋកម្ម ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាដើម។

ឯកឧត្តម សន្តិបណ្ឌិត បានបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញផែនការការងារអាទិភាពដ៏សំខាន់ចំនួន៥៖ (១) ការផ្សព្វផ្សាយនិងអប់រំ (២) ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងគីមីផ្សំ (៣) ការងារព្យាបាល ស្តារនីតិសម្បទានិងសមាហរណកម្ម (៤) ការងារពង្រឹងប្រសិទ្ធិភាពអនុវត្តច្បាប់ និង(៥) ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ។

ក្នុងឱកាសនេះ ឯកឧត្តម សន្តិបណ្ឌិត បានបញ្ជាក់បន្តថា ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី៣១ សូត្រចាំមាត់លើកទី៥ ឆ្នាំ២០២៤នេះ ជាសមិទ្ធផល ថ្មីមួយទៀតនៃការដឹកនាំរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ហើយប្រធានបទនៅឆ្នាំនេះ គឺ “ឥស្លាម ចូលរួមប្រយុទ្ធ ប្រឆាំង គ្រឿងញៀនខុសច្បាប់” នឹងបង្ហាញអំពីបទប្បញ្ញតិ្តក្នុងគម្ពីរឥស្លាមសាសនាពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ដើម្បីប្រមូលចងក្រង ជំរុញការផ្សព្វផ្សាយ អប់រំដល់ឥស្លាមសាសនិកឱ្យបង្កើនស្មារតីប្រកាន់ខ្ជាប់ប្រតិបត្តិតាមបទប្បញ្ញត្តិទាំងនោះ និងខិតខំប្រឹងប្រែងបង្ការទប់ស្កាត់ លុបបំបាត់ ប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ និងការជួញដូរគ្រឿងញឿនខុសច្បាប់ នៅព្រះរាជាណាចក្រកម្ពុជាយើង។

ដើម្បីចូលរួមអបអរសាទរ បេក្ខជន បេក្ខនារី ដែលចូលរួម សូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី៣១ សូត្រចាំមាត់លើកទី៥ ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត បានឧបត្ថម្ភដល់បេក្ខជន បេក្ខនារី ដែលទទួលជ័យលាភីទាំង១១រូប ដោយក្នុង១រូបៗទទួលបានថវិកា៤០មុឺនរៀល សរុប៤៤លានរៀល និងបាននាំយកថវិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភក្នុងកម្មវិធីចំនួន២០លានរៀល ផងដែរ៕

Scroll to Top