ពិធីប្រកាសតែងតាំង និង ស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះចៅអធិការថ្មី នៃវត្តហរិរក្សរាជិនី(ហៅវត្តវាំងចាស់) និងព្រះមន្រ្តីសង្ឃ ប្រគេន ព្រះឥន្ទសិរីវង្ស តាត វិបុល ព្រះរាជាគណៈថ្នាក់កិត្តិយសឡើងជាព្រះចៅអធិការ វត្តហរិរក្សរាជិនី(ហៅវត្តវាំងចាស់) និងព្រះមន្រ្តីសង្ឃ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ។
ពិធីប្រកាសតែងតាំង និង ស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះចៅអធិការថ្មី នៃវត្តហរិរក្សរាជិនី(ហៅវត្តវាំងចាស់) និងព្រះមន្រ្ត មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ ៖
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា, ព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋាគណៈសង្ឃនាយក, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ,ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ទន្ទឹមនឹងការអភិវឌ្ឍន៏ឥតឈប់ឈរខាងផ្នែកអាណាចក្រលើកគ្រប់វិស័យ ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមចំនែកលើកកម្ពស់សីលធម៌ និងកសាងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ ព្រះពុទ្ធសាសនាត្រូវបានបំផ្លាញទាំងស្រុងនារបបដ៏ខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពលើកវិញ និងមានបោះជំហានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន កម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញពាសពេញប្រទេស ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់ថា វត្តហរិរក្សរាជិនី(ហៅវត្តវាំងចាស់) ជាទីតាំងព្រះបរមរាជវាំងដែលមានអាយុកាលជាង១៧០ឆ្នាំជាប្រវត្តិសាស្រ្តមួយ នាសម័យព្រះបាទអង្គឌួង ព្រមទាំងត្រូវបានយកចិត្តទុកដាក់អភិរក្ស និងអភិវឌ្ឍន៍កេរដំណែលដ៏ឧត្តុង្គឧត្តមនេះជាសម្បត្តិបេតិកភណ្ឌសម្រាប់ប្រទេស នឹងត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានជួយឧបត្ថម្ភដោយទឹកចិត្តជ្រះថ្លា និងបន្តដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសបានយកចិត្តទុកដាក់លើកតម្កើនព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ សំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាសាកសមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទនានា ដល់សេចក្តីថ្លៃថ្នូរ ការគង់វង្សស្ថិតស្ថេរ យូរអង្វែងនៃព្រះពុទ្ធសាសនា។
នាឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តូី និងឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធ ពិធីដង្ហែរ ប្រគេនប្រកាសនីយបត្រ និងផ្លិតយស ព្រមទាំងបានប្រារព្ធបទនមាសិក្កា ស្វាធ្យាយ ចម្រើនព្រះបរិត្ត ប្រោសព្រំសុំសិរីសួស្តី ស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះឥន្ទសិរីវង្ស តាត វិបុល ព្រះរាជាគណៈថ្នាក់កិត្តិយសឡើងជាព្រះចៅអធិការថ្មីនៃ វត្តហរិរក្សរាជិនី(ហៅវត្តវាំងចាស់) និងព្រះមន្រ្តីសង្ឃ គ្រប់ព្រះអង្គ ៕





