ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីបុណ្យសិតព្រះពុទ្ធបដិមា ដើម្បីយកទៅតំកល់ទុកនៅវត្តសុវណ្ណភូមិ ប្រទេសបារាំង នាបរិវេណវត្តនាគវ័ន រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ។
ពិធីបុណ្យសិតព្រះពុទ្ធបដិមា នេះនិមន្តនិងអញ្ជើញចូលរួមដោយ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, ព្រះមហាសិរីមុនី រឿន ប៊ុនហាយ ព្រះប្រធានសមាគមព្រះពុទ្ធសាសនាសាមគ្គីគ្មានព្រំដែននិងជាព្រះចៅអធិការវត្តសុវណ្ណភូមិ ប្រទេសបារាំង , ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសយ៉ាងច្រើនកុះករ ។
បន្ទាប់ពីប្រារព្ធ ពិធីបុណ្យសិតព្រះពុទ្ធបដិមា រួចព្រះពុទ្ធបដិមានិងត្រូវរៀបចំដង្ហែទៅតំកល់ទុកនៅក្នុងវត្តសុវណ្ណភូមិ ប្រទេសបារាំង ដើម្បីថែរក្សានូវអត្តសញ្ញាណជាតិ សម្រាប់បងប្អូនប្រជាពុទ្ធបរិស័ទដែលរស់នៅប្រទេសបារាំងនិងសហគមន៍អុឺរ៉ុបគោរពប្រតិបត្តិទៅតាមប្រពៃណីព្រះពុទ្ធសាសនា ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា និងបន្តដឹកនាំលើមាគ៌ាដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋកម្ពុជាប្រមាណ៩៥%គោរពប្រតិបត្តិ គ្រប់ទីកន្លែង ទាំងក្នុងនិងក្រៅប្រទេស។ ក្នុងន័យនេះព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្តគំនិត សីលធម៌រស់នៅក្នុងសង្គម តាមរយះពុទ្ធឱវាទ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។
ជាក់ស្តែង ពិធីបុណ្យសិតព្រះពុទ្ធបដិមា ដើម្បីយកទៅតំកល់នៅវត្តសុវណ្ណភូមិ ប្រទេសបារាំង ដែលបានប្រារព្ធឡើងនៅក្នុងបរិវេណវត្តនាគវ័ន ជាបុណ្យដែលទទួលបានអនិសង្ឃដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ជូននូវមនុញ្ញាផលបុណ្យទាំងឡាយដែលកើតចេញពីសទ្ធាជ្រះថ្លានេះជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទី ជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕