ពិធីបិទ អនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣១

អនុសំវច្ឆរ មហាសន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី ៣១ ឆ្នាំ២០២៣ បានប្រារព្ធពិធីបិទ ជាផ្លូវការនារសៀលថ្ងៃសុក្រ ៣កើត ខែ មិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ។

ក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានជម្រាបជូនថា ឆ្លៀតក្នុងឱកាសដ៏មានតម្លៃ នៃពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី ៣១ នេះ ក្រសួងធម្មការនិងសាសនា ក៏ដូចជាគណៈសង្ឃ ទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តគាំទ្រ ឥតងាករេ និងជឿជាក់ យ៉ាងមុតមាំចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តគាំទ្រនៅអាណត្តិបន្តបន្ទាប់ខាងមុខទៀត។

ក្នុងពិធីបិទអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នាឱកាសនេះ សម្តេចគណៈសង្ឃទាំង២គណៈនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាឯកឆ្ទ័ននៅសង្ឃប្រកាសរួម ក្នុងការពង្រឹងវិស័យសាសនា,កែលម្អបន្ថែមលើវិន័យសង្ឃ បន្តលើទឹកចិត្តមន្រ្តីសង្ឃនិងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីចុះអប់រំសីលធម៌ ចរិយាធម៌និងធម្មវិជ្ជាដល់កុលបុត្រ កុលធិតាក្នុងស្ថាប័នអប់រំ, បង្កើតសាសាធម្មវិន័យពុទ្ធិកសិក្សា, ពង្រឹងសាមគ្គីភាព, ពិសេសវិស័យសង្ឃក្នុងការផ្សព្វផ្សាយគ្រប់រូបភាពតាមប្រព័ន្ធសង្គមដូចជា FACEBOOK YOUTUBE TIKTOK ជាដើម។

សូមជម្រាបជូនថា អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣១នេះ ក៍មានយាងនិមន្ត និងអញ្ជើញ ចូលរួមពី សម្តេច ព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ, សម្តេច ព្រះសង្ឃនាយករងទី១ គណៈមហា និកាយសម្តេច ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំបរិស័ទ នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនាដទៃទៀត ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបចំនួនប្រមាណជាង ១០០០ អង្គ/ នាក់៕

Scroll to Top